ក្រសួងការពារជាតិទួរគី នៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អង្គការណាតូ (NATO) នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកទី៣ ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសតួកគី ដោយបានបន្ថែមថា ខ្លួនកំពុងស្នើឲ្យទីក្រុងតេអេរ៉ង់បញ្ជាក់អំពីករណីនេះ។
ប្រព័ន្ធការពារដែនអាកាសរបស់អង្គការណាតូ បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកដំបូងរបស់អ៊ីរ៉ង់ ដែលបានសំដៅទៅទួរគី កាលពីថ្ងៃទី៤ ខែមីនា ហើយបន្ទាប់មកបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ទី២ នៅថ្ងៃទី៩ ខែមីនា។ ហើយក្រសួងបានឲ្យដឹងថា មីស៊ីលហោះចូលដំបូង ត្រូវបានបាញ់ទម្លាក់នៅលើផ្លូវឆ្ពោះមកកាន់ដែនអាកាសទួរគី ខណៈពេលដែលមីស៊ីលទី២ បានចូលក្នុងដែនអាកាសហើយ។
មីស៊ីលទាំងនេះ កាន់តែផ្ដល់ការសាកល្បងខ្លាំងឡើងៗ សម្រាប់សមាជិកអង្គការណាតូ គឺទីក្រុងអង់ការ៉ា និងសម្ព័ន្ធមិត្ត។ ទួរគី ដែលជាកងទ័ពធំទី២ របស់អង្គការណាតូ និងជាប្រទេសជិតខាងរបស់អ៊ីរ៉ង់ បានព្រមានទីក្រុងតេអេរ៉ង់ អំពីការវាយប្រហារណាមួយបន្ថែមទៀត។ ប្រទេសនេះក៏បានតវ៉ាផងដែរទៅកាន់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីមានឧប្បត្តិហេតុនីមួយៗ ប៉ុន្តែមិនបានបង្ហាញថា ខ្លួនចង់អំពាវនាវជាផ្លូវការដល់សមាជិកសម្ព័ន្ធមិត្ត សម្រាប់ការការពារឡើយ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិធានការចាំបាច់ទាំងអស់ កំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងដោយគ្មានការស្ទាក់ស្ទើរប្រឆាំងនឹងការគំរាមកំហែងណាមួយដែលសំដៅមកកាន់ទឹកដី និងដែនអាកាសរបស់ប្រទេសយើង។ ការពិគ្រោះយោបល់កំពុងត្រូវបានធ្វើឡើងជាមួយប្រទេសពាក់ព័ន្ធ ដើម្បីបញ្ជាក់គ្រប់ទិដ្ឋភាពទាំងអស់នៃឧប្បត្តិហេតុនេះ»។
មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែរហូតមកដល់ពេលនេះ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀត ចំពោះការកំណត់គោលដៅដោយចេតនាលើប្រទេសទួរគី ក្នុងអំឡុងពេលមានសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕