ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel និយាយក្នុងវីដេអូចាក់ផ្សាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនាថ្ងៃសុក្រនេះថា ក្រុមមន្រ្តីគុយបាន មាននូវកិច្ចប្រជុំជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយលើការបិទច្រក ដែលបានដាក់លើប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ ។
លោក Diaz-Canel និយាយថា កិច្ចប្រជុំទាំងអស់នោះ មានគោលបំណងស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនាចំពោះការខ្វែងគំនិតទ្វេភាគី ដែលពួកយើងមានរវាងប្រទេសទាំង ២ ។
សេចក្តីអត្ថាធិប្បាយរបស់លោក Diaz-Canel បានកើតមាន ស្របពេលវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយនិងរដ្ឋាភិបាកុម្មុយនិស្តមួយនេះ រងសម្ពាធកើនឡើងពីប្រធាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
លោក Diaz-Canel បន្តថា នៅក្នុងការផ្លាស់ប្តូរដែលពួកយើងមាន ពួកយើងបានបង្ហាញថា ភាគីគុយមានឆន្ទៈ ក្នុងការអនុវត្តដំណើរការដោយផ្អែកលើសមភាព និងការគោរពប្រព័ន្ធនយោបាយនៃរដ្ឋទាំង ២ សម្រាប់អធិបតេយ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងរបស់រដ្ឋាភិបាលពួកយើង ហើយបញ្ហានេះត្រូវលើកឡើងដោយរាប់បញ្ចូលការយោគយល់គ្នា និងការគោរពតាមច្បាប់អន្តរជាតិ ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសគុយបា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គុយបានឹងដោះលែងអ្នកទោស ៥១នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោមកិច្ចព្រមព្រៀងជាមួយវិមានវ៉ាទីកង់ ។
ការដោះលែងអ្នកទោសនេះ កើតមានឡើង រយៈពេល ២សប្តាហ៍ ក្រោយរដ្ឋមន្រ្តីក្រសួងការបរទេសគុយលោក Bruno Rodriguez បានជួបជាមួយសម្តេចប៉ាប Leo នៅឯវិមានវ៉ាទីកង់ ហើយចំពេលដែលគុយបា ស្ថិតក្រោមសម្ពាធកើនឡើងពី Trump ៕