អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ

2026/03/15 06:34:07 pm        304

អ្នកនាពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មនិងឥតឈប់ឈរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិឱ្យកាន់តែរឹងមាំក្នុងចំណោមប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះថា ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី និងនូវែលសេឡង់។ 

អ្នកនាំពាក្យបានឱ្យដឹងថា ក្នុងបេសកកម្មការទូតនេះ នៅសិង្ហបុរី និងនូវែលសេឡង់ ក្រៅពីរឹតចំណងការទូតទ្វេភាគីជាមួយរដ្ឋាភិបាលនីមួយៗ បញ្ហាសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកដែលជាកង្វល់រួមគឺជាប្រធានបទដ៏សំខាន់នៃជំនួបពិភាក្សា ក្នុងនោះ ការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្តាយព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រមុខការទូតកម្ពុជាលើកយកមកពិភាក្សាយ៉ាងស៊ីជម្រៅ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណប្រទេសជាមិត្តចំពោះការគាំទ្រដល់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ដោយបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ព្រះករុណាព្រះមហាក្សត្រ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះសហគមន៍ខ្មែរនៅក្រៅប្រទេសផងដែរ។ ការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់និងក្តីកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋខ្មែរពោលគឺ ទាំងអង្គព្រះមហាក្សត្រ ទាំងថ្នាក់ដឹកនាំ មិនដែលបោះបង់បងប្អូនជនរួមជាតិណាម្នាក់ឡើយ ទោះបីជាបងប្អូនរស់នៅទីណាក៏ដោយក្រោមស្មារតីថា ប្រជាជនកម្ពុជាគ្រប់រូបគឺជាផ្នែកមួយនៃមហាគ្រួសារខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនពួកគេអំពីអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ រួមមាន មធ្យោបាយការទូត នយោបាយ សាធារណមតិ និងផ្លូវច្បាប់ ដែលជាមធ្យោបាយសន្តិវិធី ស្របតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយមិនភ្លេចការត្រៀមខ្លួនផ្នែកយោធាដើម្បីប្រើសិទ្ធិការពារខ្លួន។ ប្រមុខការទូតកម្ពុជាក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលបានលើកទឹកចិត្តនិងគាំទ្រយ៉ាងមុតមាំចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើង។

នៅឯក្នុងប្រទេសវិញ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងតាមដានរាល់សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ និងបានតវ៉ាភ្លាមៗចំពោះរាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ ការតវ៉ាជាផ្លូវការត្រូវបានធ្វើម្តងទៀតទៅកាន់ភាគីថៃដោយប្រឆាំងជំទាស់យ៉ាងដាច់ខាតចំពោះសកម្មភាពសាងសង់សំណង់នានាដែលមានលក្ខណៈជាការពង្រឹងទីតាំងយោធានិងស៊ីវិល នៅក្នុងទីតាំងដែលខ្លួនបានដណ្តើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធា ហើយទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងងាកមកគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិជា្របថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារបូរណភាពទឹកដី និងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ នៅក្នុងប្រទេស បងប្អូនជនភៀសសឹកគឺជាអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ពួកគេ ទាំងបងប្អូនជនភៀសសឹកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ។

នៅក្រៅប្រទេស ប្រជាពលរដ្ឋនិងនិស្សិតខ្មែរនៅក្នុងបណ្តាប្រទេសមជ្ឈឹមបូព៌ាក៏ទទួលបានការយលចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខសុវត្ថិភាពរបស់ពួកគេ ខណៈដែលជនជាតិខ្មែរនៅក្នុងបណ្តាប្រទេសផ្សេងទៀតក៏មិនត្រូវបានបំភ្លេចនោះឡើយ។ ទាំងអស់នេះសបញ្ជាក់ពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបញ្ចេញសកម្មភាពជាក់ស្តែង តាមគ្រប់រូបភាព ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែល

កើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm