ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា Milano-Cortina បានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃអាទិត្យ ខណៈពិធីបិទរៀបចំនៅកីឡដ្ឋាន Cortina Curling។
ប៉ារ៉ាឡាំពិករដូវរងាឆ្នាំនេះ ជាព្រឹត្តិការណ៍ដែលមានអត្តពលិកចូលរួមច្រើនបំផុតសរុប ៦១១ នាក់មកពី ៥៥ ប្រទេសជុំវិញពិភពលោក ប្រកួតលើវិញ្ញាសាចំនួន ៧៩ នៃ ៦ ប្រភេទកីឡាក្នុងរយៈពេល ១០ ថ្ងៃកន្លងមក។
ចិនឈរលើគេក្នុងតារាងមេដាយសរុប តាមរយៈមេដាយសរុប ៤៤ មានមាស ១៥ គ្រឿង តាមពីក្រោយដោយសហរដ្ឋអាមេរិកឈ្នះមេដាយសរុប ២៤ គ្រឿងមានមាស ១៣ លេខបីរុស្ស៊ីសរុប ១២ គ្រឿងមានមាស ៨ គ្រឿង ខណៈម្ចាស់ផ្ទះអ៊ីតាលីបានលេខបួនឈ្នះមេដាយសរុប ១៦ មានមាស ៧ គ្រឿង។
ប៉ារ៉ាឡាំពិករដូវរងានៅ Milano-Cortina ឆ្នាំនេះ មានការវិលត្រលប់មកវិញអត្តពលិករុស្ស៊ី និងបេឡារុស បន្ទាប់ពីប្រទេសទាំងកន្លងមកត្រូវហាមប្រាមមិនចូលរួមប្រកួតតាំងពីឆ្នាំ ២០២២ នៅរុស្ស៊ីចាប់ផ្តើមធ្វើសង្គ្រាមនៅអ៊ុយក្រែន។
ជាមួយគ្នានោះដែរ អត្តពលិកអ៊ុយក្រែនបានធ្វើពហិការមិនចូលរួមពិធីបើក និងបិទឡើយ ដោយមិនពេញចិត្តនឹងវត្តមានរបស់រុស្ស៊ី និងបេឡារុស។
ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាបន្ទាប់ឆ្នាំ ២០៣០ នឹងត្រូវរៀបចំនៅប្រទេសបារាំងនៅតំបន់ភ្នំ Alps៕ អត្ថបទ៖នាង សុភាវុធ





