រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ទីក្រុងម៉ាឌ្រីដ បានឲ្យដឹងនៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រទេសអេស្ប៉ាញនឹងមិនចូលរួមក្នុងបេសកកម្មយោធាណាមួយ នៅច្រកសមុទ្រ Hormuz នោះទេ ពីព្រោះខ្លួនចាត់ទុកថា សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ គឺខុសច្បាប់។
រដ្ឋាភិបាលចម្រុះឆ្វេងនិយមដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Pedro Sanchez បានរិះគន់ការវាយលុកនេះ និងបានហាមឃាត់យន្តហោះអាមេរិកដែលកំពុងចូលរួម មិនឲ្យប្រើប្រាស់មូលដ្ឋានប្រតិបត្តិការរួមគ្នា នៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Margarita Robles បានបដិសេធការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យជួយគាំទ្រផ្នែកយោធា ដើម្បីធានាផ្លូវទឹកនេះ ដែលទីក្រុងតេអេរ៉ង់បានរារាំងចរាចរណ៍នាវាដឹកប្រេង និងមិនទទួលយកការគំរាមកំហែងរបស់លោក អំពីការមាន «អនាគតអាក្រក់ខ្លាំង» សម្រាប់សម្ព័ន្ធមិត្តណាតូដែលមិនធ្វើដូច្នេះ។
លោកស្រី Robles បាននិយាយថា៖ «អេស្ប៉ាញនឹងមិនទទួលយកវិធានការបណ្ដោះអាសន្នណាមួយឡើយ ពីព្រោះគោលបំណង គឺត្រូវតែបញ្ចប់សង្គ្រាម និងបញ្ចប់វាឥឡូវនេះ»។
ចំណែករដ្ឋមន្ត្រីការបរទេស លោក Jose Manuel Albares បានបញ្ជាក់ថា ស្ថានភាពនៅក្នុងច្រកសមុទ្រនេះ គឺជាបញ្ហាដ៏គួរឲ្យបារម្ភយ៉ាងខ្លាំង សម្រាប់បណ្ដាប្រទេសអឺរ៉ុប ប៉ុន្តែជំហររបស់សហភាពអឺរ៉ុប (EU) គឺថា ត្រូវតែរកវិធីបញ្ចប់សង្គ្រាម មិនមែនគិតតែលើសេដ្ឋកិច្ចឡើយ។
សមាជិក EU មួយចំនួន ដូចជា អាល្លឺម៉ង់ អ៊ីតាលី ឬក្រិក ក៏បានផ្តល់សញ្ញាថា ពួកគេនឹងមិនចូលរួមប្រតិបត្តិការយោធា នៅក្នុងច្រកសមុទ្រនេះដែរ ខណៈដែលប្រទេសផ្សេងទៀត រួមទាំងដាណឺម៉ាកផង មិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ៕