ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនានេះ នៅទីស្នាក់ការកណ្តាល មានសប្បុជនចំនួន៤ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ចាគថវិកា តាមសទ្ធាជ្រះថ្លាជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកបន្តជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។
ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរជន លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់អំណោយទាំងអស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ទី១,អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក និងជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន ១,៣០០,០០០ ដុល្លារអាមេរិក (១លានបីសែនដុល្លារអាមេរិក) ទី២,ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាចំនួន ៧០០,០០០ ដុល្លារអាមរិក (ចិតសិបម៉ឺនដុល្លារអាមេរិក) ទី៣,ធានាគារអេស៊ីលីដា ចំនួន៨០០,០០០,០០០ រៀល (ប្រាំបីរយលានរៀល) និងទី៤,សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន២០,០០០,០០០ រៀល (ម្ភៃលានរៀល)។
លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២នេះ គឺដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្ត ផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ៕




