ការវាយប្រហារយានដ្រូនបង្កឲ្យកើតមានអគ្គិភ័យនៅតំបន់ឧស្សាហកម្មប្រេង Fujairah ស្ថិតក្នុងប្រទេសអារ៉ាប់រួម ពេលដែលអ៊ីរ៉ង់ បន្តបើកការវាយប្រហារលើបណ្តាប្រទេសក្នុងឈូងសមុទ្រ ខណៈមានសង្រ្គាមព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើទឹកដីរបស់ពួកគេ កាលពីរយៈពេលជាង ២សប្តាហ៍មុន ។
ការិយាល័យព័ត៌មានរដ្ឋបាលក្រុង Fujairah និយាយនៅថ្ងៃអង្គារនេះថា ពុំមានគ្រោះថ្នាក់នោះទេពីការវាយប្រហារលើទីតាំងថាមពលនេះ ដែលស្ថិតនៅចម្ងាយប្រហែល ១៥០គ.មភាគខាងកើតទីក្រុង Dubai ។
ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីអគ្គិភ័យមួយទៀត បានឆាបឆេះនៅមជ្ឈមណ្ឌលប្រេងក្រុង Fujairah កាលពីថ្ងៃសៅរ៍ ពេលដែលបំណែកធ្លាក់ អំឡុងបាញ់ស្កាត់យានដ្រូន ។
អាជ្ញាធរក្រុង Abu Dhabi បានរាយការណ៍ផងដែរពីឧបទ្ទេវហេតុដាច់ដោយឡែកមួយទៀតពាក់ព័ន្ធនឹងការធ្លាក់បំណែកនៅតំបន់ Bani Yas បន្ទាប់ពីបាញ់ស្កាត់មីស៊ីលបាលីស្ទិកដោយប្រព័ន្ធការពារដែនអាកាសអារ៉ាប់រួម ។ ឧបទ្ទេវហេតុនោះ បណ្តាលឲ្យស្លាប់ជនជាតិប៉ាគីស្ថានម្នាក់ ។

ក្រសួងការពារជាតិអារ៉ាប់រួមនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានរុញច្រានមីស៊ីល និងយានដ្រូនបាញ់ចេញពីអ៊ីរ៉ង់ បណ្តាលឲ្យមានសំឡេងផ្ទុះយ៉ាងខ្លាំង និងបិទដែនអាកាសមួយភ្លែតរបស់អារ៉ាប់រួម ។
អ៊ីរ៉ង់ព្យាយាមបង្ហាញភាពត្រឹមត្រូវនៃការវាយប្រហាររបស់ខ្លួននៅប្រទេសឈូងសមុទ្រ ដោយពួកគេនិយាយជំទាស់ថា វត្តមាននៃមូលដ្ឋានយោធាសហរដ្ឋអាមេរិកលើទឹកដីរបស់ពួកគេ ធ្វើឲ្យរដ្ឋទាំងនោះ ក្លាយជាគោលដៅវាយប្រហារស្របច្បាប់ ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាសរួមគ្នាលើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅ ៕
