មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយនៅថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានបដិសេធសំណើដែលស្នើឲ្យបន្ថយភាពតានតឹង ឬឲ្យមានបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងតេអេរ៉ង់ដោយប្រទេសអន្តរការីចំនួន ២។
មន្ត្រីរូបនេះបានបញ្ជាក់ថា ជំហររបស់លោក Khamenei ក្នុងការសងសឹកជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺ «រឹងមាំ និងប្រាកដប្រាជាណាស់» អំឡុងកិច្ចប្រជុំគោលនយោបាយការបរទេសលើកដំបូងរបស់លោក តែមិនបានបញ្ជាក់នោះឡើយថា តើមេដឹកនាំរូបនេះ បានចូលរួមកិច្ចប្រជុំនេះ ដោយផ្ទាល់ដែរ ឬអត់។

សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កំពុងឈានចូលដល់សប្តាហ៍ទី៣ របស់ខ្លួន ដោយមានមនុស្សយ៉ាងហោចណាស់ ២.០០០នាក់ បានបាត់បង់ជីវិត និងគ្មានសញ្ញាបញ្ចប់។ ច្រកសមុទ្រ Hormuz នៅតែបិទភាគច្រើន ដោយសម្ព័ន្ធមិត្តអាមេរិកបានបដិសេធសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឲ្យជួយបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ ដោយការរំខាននេះធ្វើឲ្យតម្លៃថាមពលឡើងខ្ពស់ និងនាំឲ្យមានកង្វល់ពីអតិផរណា។
មន្ត្រីជាន់ខ្ពស់រូបនេះ ដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មេដឹកនាំកំពូលរូបនេះ បានសង្កត់ធ្ងន់ថា វាមិនមែនជា «ពេលវេលាដ៏សមស្រប សម្រាប់សន្តិភាពទេ រហូតទាល់តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រមចុះញ៉ម ទទួលយកការបរាជ័យ និងសងសំណង»៕


