សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយសម្អាងដល់ប្រភពមួយចំនួនថា សហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យស៊ីរី ពិចារណាបញ្ជូនកងកម្លាំងទៅកាន់ភាគខាងកើតលីបង់ ដើម្បីជួយរំសាយអាវុធក្រុមហេសបូឡា ប៉ុន្តែទីក្រុងដាម៉ាស នៅមានភាពស្ទាក់ស្ទើរក្នុងការចាប់ផ្តើមបេសកកម្មបែបនេះ ដោយបារម្ភថាខ្លាចធ្លាក់ចូលក្នុងសង្រ្គាមមជ្ឈិមបូព៌ា និងធ្វើឱ្យភាពតានតឹងផ្នែកនិកាយសាសនាកាន់តែឆាបឆេះឡើង។

យ៉ាងណាក៏ដោយ បន្ទាប់ពីអត្ថបទនេះត្រូវបានចុះផ្សាយ ប្រេសិតអាមេរិកប្រចាំស៊ីរី លោក Tom Barrack បានបង្ហោះលើបណ្តាញសង្គម X ថា «របាយការណ៍ទាក់ទងនឹងអាមេរិកលើកទឹកចិត្តឱ្យស៊ីរីបញ្ជូនកងកម្លាំងទៅកាន់លីបង់ គឺជាព័ត៌មានមិនពិត និងមិនត្រឹមត្រូវនោះឡើយ»។

សំណើចំពោះរដ្ឋាភិបាលស៊ីរីដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនេះ អាចឆ្លុះបញ្ចាំងពីវិធានការកាន់តែខ្លាំងក្លាក្នុងការរំសាយអាវុធក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ យោងតាមប្រភពដែលជាមន្ត្រីស៊ីរី បានឱ្យដឹងថា គំនិតនេះត្រូវបានពិភាក្សាជាលើកដំបូងដោយមន្ត្រីសហរដ្ឋអាមេរិក និងស៊ីរី កាលពីឆ្នាំមុន។

ក្រោយមក គំនិតនេះត្រូវបានលើកយកមកនិយាយម្តងទៀតដោយមន្ត្រីអាមេរិក នៅកៀកពេលដែលអាមេរិកនិងអ៊ីស្រាអែល ចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។ មន្ត្រីស៊ីរីពីររូបបាននិយាយថា សំណើរបស់អាមេរិកនេះបានកើតឡើងភ្លាមៗនៅមុនពេលសង្រ្គាមចាប់ផ្តើម ប៉ុន្តែប្រភពចារកម្មលោកខាងលិចបាននិយាយថា ការពិភាក្សាពីរឿងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមរួច។
សារព័ត៌មានរ៉យទ័របាននិយាយទៅកាន់ប្រភពចំនួន១០ សម្រាប់អត្ថបទព័ត៌មាននេះ ហើយប្រភពទាំងអស់បាននិយាយថា រដ្ឋាភិបាលដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយមនិកាយស៊ុននី របស់ស៊ីរី បាននិងកំពុងពិចារណាដោយប្រុងប្រយ័ត្នលើប្រតិបត្តិការឆ្លងដែន ប៉ុន្តែនៅតែមានភាពស្ទាក់ស្ទើរ៕