ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្តការគំរាមកំហែងរបស់លោកចំពោះគុយបា ដោយបានផ្ដល់នូវទស្សនៈផ្ទុយគ្នាចំនួនពីរសម្រាប់គូប្រជែងដ៏យូរអង្វែងមួយនេះ ដែលមួយគឺកិច្ចសន្ទនា និងមួយទៀតគឺការប្រឈមមុខដាក់គ្នា។ ប្រជាជនគុយបា នៅតាមដងផ្លូវក្នុងទីក្រុងឡាហាវ៉ាន កាលពីថ្ងៃអង្គារ (១៧ មីនា) បានបង្ហាញការពេញចិត្តចំពោះជម្រើសដំបូង ដោយសម្ដែងក្តីសង្ឃឹមថា ការខ្វែងគំនិតគ្នាដ៏ជ្រាលជ្រៅរវាងរដ្ឋាភិបាលទាំងពីរ អាចត្រូវបានដោះស្រាយនៅលើតុចរចា។

ប៉ុន្តែពលរដ្ឋគុយបាក៏បានបង្ហាញពីមន្ទិលសង្ស័យចំពោះសម្ដីរបស់លោក Trump ផងដែរ ដោយលើកឡើងពីប្រវត្តិនៃការថ្លែងការណ៍ផ្ទុយគ្នាពីមុនៗរបស់លោក។ អ្នកស្រុកមួយចំនួនដែលសារព័តមានរ៉យទ័របានជួបសន្ទនាកាលពីថ្ងៃអង្គារ មានការភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់លោក Trump កាលពីថ្ងៃចន្ទ ដែលថា លោកអាច «ធ្វើអ្វីក៏បានដែលលោកចង់ធ្វើ ជាមួយគុយបា»។

រដ្ឋាភិបាលអាមេរិក និងគុយបា បាននិយាយថា ពួកគេកំពុងស្ថិតក្នុងការចរចា ស្របពេលភាពតានតឹងខ្លាំងរវាងប្រទេសជិតខាងទាំងពីរ។ ទីក្រុងវ៉ាស៊ីនតោន បានបិទខ្ទប់ប្រេងមិនឱ្យទៅដល់ប្រទេសកោះក្នុងសមុទ្រការ៉ាអ៊ីពមួយនេះឡើយ បន្ទាប់ពីបានចាប់ខ្លួនអតីតមេដឹកនាំវ៉េណេស៊ុយអេឡា ដែលជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ទីក្រុងឡាហាវ៉ាន ហើយលោក Trump ក៏បានបង្កើនវោហារសាស្ត្របែបវាយប្រហារលើគុយបាផងដែរ។

ការលើកឡើងទាំងនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ផ្សេងទៀតរបស់លោក Trump រួមទាំងការនិយាយថា គុយបាអាចនឹងក្លាយជាគោលដៅនៃការចូលគ្រប់គ្រងដោយសន្តិវិធី ហើយបន្ទាប់មកលោកបន្ថែមថា «ក៏ប្រហែលជាមិនមែនបែបនោះដែរ»។ ស្របពេលការវាយប្រហារយោធារបស់អាមេរិកលើអ៊ីរ៉ង់កំពុងបន្ត លោក Trump លើកឡើងថា៖ «អាមេរិកកំពុងចរចាជាមួយគុយបា ប៉ុន្តែអាមេរិកនឹងដោះស្រាយរឿងអ៊ីរ៉ង់ឱ្យរួចរាល់សិន ទើបងាកទៅគុយបា»៕