ការធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោក នៅតែបន្តរងការរំខានយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានសង្រ្គាមនៅអ៊ីរ៉ង់ ដែលបានបង្ខំឱ្យបិទមជ្ឈមណ្ឌលហោះហើរសំខាន់ៗនៅមជ្ឈិមបូព៌ា រួមមានទីក្រុងឌុយបៃ ទីក្រុងដូហា និងអាប៊ូដាប៊ី ដែលធ្វើឱ្យអ្នកដំណើររាប់ម៉ឺននាក់ជាប់គាំង ហើយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិក៏នាំគ្នាលុបចោលជើងហោះហើរកាន់តែច្រើន។

ក្រុមហ៊ុនអាកាសចរណ៍ Aegean Airlines ដែលជាក្រុមហ៊ុនធំជាងគេរបស់ក្រិក បានលុបចោលជើងហោះហើរទៅកាន់ទីក្រុងតែលអាវីវ បេរូត និងអាម៉ាន់ រហូតដល់ថ្ងៃទី២២ ខែមេសា និងទៅកាន់ទីក្រុងអឺប៊ីល (Erbil) និងបាកដាដ រហូតដល់ថ្ងៃទី២៤ ខែឧសភា ចំណែកជើងហោះហើរទៅកាន់ទីក្រុងឌុយបៃ ត្រូវបានលុបចោលរហូតដល់ថ្ងៃទី១៩ ខែមេសា និងទៅកាន់ទីក្រុងរីយ៉ាដ រហូតដល់ថ្ងៃទី១៨ ខែមេសា។

ក្រុមហ៊ុនអាកាសចរណ៍កាណាដា បានលុបចោលជើងហោះហើរទាំងអស់ទៅកាន់ទីក្រុងតែលអាវីវ រហូតដល់ថ្ងៃទី២ ខែឧសភា និងទីក្រុងឌុយបៃរហូតដល់ថ្ងៃទី២៨ ខែមីនា។ ក្រៅពីនេះ មានក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក អារ៉ាប់រួម អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត ហ្វាំងឡង់ អាល្លឺម៉ង់ ប៉ូឡូញ ឥណ្ឌា និងប្រទេសជាច្រើនទៀត ក៏បានលុបចោលជើងហោះហើររបស់ពួកគេផងដែរ ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍នៅទាំងពិភពលោក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះការហក់ឡើងយ៉ាងខ្ពស់នៃតម្លៃប្រេងសាំងយន្តហោះ ដែលបង្កឡើងដោយសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានព្រមានអំពីការចំណាយបន្ថែមរាប់រយលានដុល្លារ និងការឡើងថ្លៃសំបុត្រយន្តហោះសម្រាប់អតិថិជន៕