យោងតាមការបញ្ជាក់របស់នគរបាលនៅថ្ងៃពុធនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧នាក់ ភាគច្រើនជាសមាជិកគ្រួសារតែមួយ បានស្លាប់ក្នុងពេលកំពុងដេកលង់លក់ខណៈអគ្គិភ័យបានឆាបឆេះនៅក្នុងលំនៅឋានមួយកន្លែងនៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌាភាគកណ្តាល។ មនុស្សមួយចំនួនក៏បានរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ ដែលក្នុងនោះមានមនុស្ស២នាក់ជាប្តីប្រពន្ធ ត្រូវបានគេនិយាយថា ស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងក្រុង Indore ខេត្ត Madhya Pradesh នៅម៉ោងប្រហែល ៤:០០ ទៀបភ្លឺ ម៉ោងក្នុងស្រុក។ ក្រុមពន្លត់អគ្គិភ័យបានពន្លត់អណ្តាតភ្លើង និងបានរកឃើញសាកសពមនុស្ស ៧នាក់ពីកន្លែងកើតហេតុ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក។

យោងតាមនគរបាលបានឲ្យដឹងថា អគ្គិភ័យនេះទំនងជាបានផ្ទុះឡើងដោយសារតែការឆ្លងចរន្តនៃឧបករណ៍សាកថ្មរថយន្តអគ្គិសនី។ ធុងឧស្ម័នមួយចំនួនដែលនៅក្បែរនោះបានឆេះ ហើយផ្ទុះ បណ្តាលឲ្យអណ្តាតភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័សនៅក្នុងលំនៅឋានកម្ពស់៣ជាន់។