ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ក្នុងនោះមានអ៊ីរ៉ង់ និងលីបង់ ដែលត្រូវបានកំណត់គោលដៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងជម្លោះដែលឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទី៣របស់ខ្លួនហើយនោះ។
ទីក្រុងប៉េកាំងបានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ពួកគេលើប្រទេសនេះ ខណៈពេលដែលក៏រិះគន់ការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា សង្គ្រាមនេះ បានបង្កឲ្យមាន «គ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ» នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀត នៅមជ្ឈិមបូព៌ា។
លោក Lin បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់អ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។ គេសង្ឃឹមថា រឿងនេះ នឹងជួយកាត់បន្ថយស្ថានភាពមនុស្សធម៌ដែលប្រជាជនក្នុងតំបន់កំពុងប្រឈម»។
លោកបានបន្ថែមថា៖«ប្រទេសចិន នឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់សន្តិភាព និងបញ្ឈប់សង្គ្រាម ... និងដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនូវវិបត្តិមនុស្សធម៌»។
ប្រទេសចិនបានស្វែងរកការសម្របសម្រួលក្នុងសង្គ្រាម ដោយលោក Zhai Jun បេសកជនពិសេសរបស់ខ្លួនប្រចាំនៅមជ្ឈិមបូព៌ា បានជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹង។
ប្រមុខការទូតរបស់ប្រទេសចិន លោក វ៉ាង យី ក៏បាននិយាយផងដែរថា សង្គ្រាមនេះ «មិនគួរកើតឡើងឡើយ» ហើយបានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នា។
ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យប្រទេសចិនជួយទីក្រុងវ៉ាស៊ីនតោនបើកច្រកសមុទ្រហ័រមូសឡើងវិញ៕
