ក្រុមជើងឯក ១៥ សម័យ Real Madrid បានបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League ហើយក្រោយបន្តយកឈ្នះនៅទឹកដី Manchester City ២-១ សរុបទាំងពីរជើងឯក ៥-១។
ក្រុមរបស់លោក Pep Guardiola ត្រូវការ ៣ គ្រាប់ដើម្បីតាមស្មើពីបរាជ័យជើងទីមួយនៅទឹកដីអេស្ប៉ាញ ៣-០ តែ City ត្រូវធ្វើការកាន់តែធ្ងន់ និងអស់សង្ឃឹមយកឈ្នះនៅពេល Bernardo Silva ត្រូវបានបណ្តេញចេញតាំងពីនាទីទី ២០ នៅពេល VAR បង្ហាញថាកីឡាករព័រទុយហ្កាល់ប្រើកែងដៃរារាំងគ្រាប់បាល់បញ្ចូលទី។
កាតក្រហមហើយ បាល់ពិន័យ ១១ ម៉ែត្រត្រូវបានផ្តល់ឱ្យ Real Madrid ស៊ុតសម្រេចដោយ Vinicius Junior តែ City ក៏តាមស្មើចុងវគ្គទីមួយវិញដោយ Erling Haaland។
ហៀបនឹងចប់ការប្រកួតទៅហើយ Real Madrid ក៏រកបានមួយគ្រាប់ទៀតដោយ Vinicius Junior ដដែល ធ្វើឱ្យការប្រកួតបញ្ចប់ដោយ Real Madrid យកឈ្នះ Manchester City សរុបទាំងពីរជើង ៥-១។
ក្រុមរបស់លោក Alvaro Arbeloa នៅពេលនេះត្រូវរង់ចាំក្រុមឈ្នះរវាង Bayern Munich រឺ Atalanta ខណៈក្រុមជើងឯកអាល្លឺម៉ង់បានយកឈ្នះជើងទីមួយនៅទឹកដីអ៊ីតាលី ៦-១៕ អត្ថបទ៖នាង សុភាវុធ



