ជិះសេះ៖ សហព័ន្ធបង្ហាត់ជិះសេះកម្ពុជាបានសម្រេចបើកយុទ្ធនាការថ្មី ជាមួយការប្រកួតរៀងរាល់ ៦សប្ដាហ៍ម្ដង ដើម្បីជំរុញ និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីពិសេសក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខណៈសហព័ន្ធមានទិសដៅដណ្ដើមមេដាយមាសយ៉ាងហោច ១គ្រឿង។
លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីជម្រើសជាតិកីឡាជិះសេះកម្ពុជាឲ្យកាន់តែមុតស្រួច សម្រាប់ត្រៀមដណ្ដើមមេដាយក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ បន្ថែមលើការយកចិត្តទុកដាក់ហ្វឹកហាត់របស់ពួកគេ។ ប្រធានសហព័ន្ធដដែលបន្ដថា ការប្រកួតកីឡាជិះសេះផ្លោះរបារឆ្នាំ២០២២ ដែលសហព័ន្ធកំណត់រៀបចំរៀងរាល់ ៦សប្ដាហ៍ម្ដងនេះគឺមាន ២កម្រិតគឺការប្រកួតកម្រិតកីឡាករ-កីឡាការិនីធម្មតា និងការប្រកួតកម្រិតជំនាញនៃក្រុមជម្រើសជាតិដែលប្រកួតលើ ៣វិញ្ញាសារួមមានវិញ្ញាសាផ្លោះរបារកម្ពស់ ២០ ទៅ ៣០សង់ទីម៉ែត្រ, កម្ពស់ ៥០ ទៅ ៧០សង់ទីម៉ែត្រ និងកម្ពស់ ១ម៉ែត្រឡើង។
លោកស្រីបន្ថែមថា សម្រាប់គោលដៅប្រជែងមេដាយតាមសន្ទស្សន៍មេដាយមាស ១គ្រឿងរបស់គណៈកម្មាធិការជាតិ CAMSOC គឺលោកស្រីដាក់ក្តីសង្ឃឹមលើការលោតកម្ពស់ ១,២០ម៉ែត្រទៅ ១,២៥ម៉ែត្រ ហើយកម្ពុជាមានសេះ ២ក្បាលដែលអាចលោតកម្ពស់នេះបាន។ សម្រាប់ការហ្វឹកហាត់បំប៉នបច្ចេកទេស ក្រៅពីការហ្វឹកហាត់ក្នុងស្រុកក៏មានគម្រោងបញ្ចូនកីឡាករ-កីឡាការិនីចេញទៅហ្វឹកហាត់នៅប្រទេសបារាំង និងប្រទេសថៃមុនស៊ីហ្គេម ២០២៣ ចូលមកដល់ទៀតផង៕
អត្ថបទ៖ លី ឈុនឡា