រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីស្តាប់សំណើពីប្រទេសសម្របសម្រួលសម្រាប់ការបញ្ចប់សង្គ្រាម ឲ្យតែគំនិតផ្តួចផ្តើមទាំងនោះពាក់ព័ន្ធនឹងសំណងសម្រាប់ការខូចខាតដែលបង្កឡើងលើប្រទេសអ៊ីរ៉ង់។

លោកបានកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera ថា៖«ប្រទេសជាមិត្តជាច្រើនបានបង្កើតគំនិត និងបានបង្ហាញពីភាពត្រៀមខ្លួនរបស់ពួកគេ ក្នុងការដើរតួនាទីក្នុងការសម្រេចបានសន្តិភាព»។ លោក Araghchi បានបន្ថែមថា៖«ប្រសិនបើមានសំណើសម្រាប់បញ្ចប់សង្គ្រាមដែលបំពេញតាមលក្ខខណ្ឌរបស់យើង ហើយការខូចខាតដែលអ៊ីរ៉ង់ទទួលរង ត្រូវបានផ្តល់សំណង យើងពិតជានឹងស្តាប់វា»។
ប្រមុខការទូតរូបនេះ បានចង្អុលបង្ហាញថា ទីក្រុងតេអេរ៉ង់បានបង្ហាញពីជំហររបស់ខ្លួន ទៅកាន់មិត្តភក្តិរបស់ខ្លួន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់នៅតែមិនព្រមទទួលយកបទឈប់បាញ់៕
