
ក្បាលម៉ាស៊ីនទេសចរណ៍នៅទីក្រុង Dubai របស់អារ៉ាប់រួមដែលកាលប៉ុន្មានខែមុនបានបំបែកកំណត់ត្រានោះ បច្ចុប្បន្នកំពុងវិលក្បុងដោយសារជើងហោះហើរចេញ-ចូលប្រទេសមានដែនកំណត់ ស្របពេលដែលដែនអាកាសនៅតែមិនស្ថិតស្ថេរទូទាំងតំបន់ ។
សណ្ឋាគារ និងភោជនីយដ្ឋានហាក់ស្ងាត់ជ្រងំសូន្យឈឹង ប៉ុន្តែក្រុមមន្រ្តីនៅប្រទេសតំបន់ឈូងសមុទ្រមួយនេះ និយាយយ៉ាងទទួចថា ពួកគេនៅតែបើកវិស័យធុរកិច្ចមួយនេះដដែល ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលទីក្រុង Dubai ក្លាយជាឋានសួគ៌ដ៏មានសុវត្ថិភាពបំផុតរបស់តំបន់មជ្ឈិមបូព៌ា ជាមួយសណ្ឋាគារលំដាប់ផ្កាយ ៥ និងផ្កាយ ៧។
យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា កាលពីឆ្នាំមុន អារ៉ាប់រួម ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ១៩,៥៩លាននាក់ ដែលជាចំនួនភ្ញៀវទេសចរបំបែកកំណត់ត្រារយៈពេល ៣ឆ្នាំជាប់ៗគ្នា ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារមធ្យមលើសពី ៨០ភាគរយ ហើយវិស័យទេសចរណ៍ស្មើនឹងជាង ១ភាគ១០នៃផលិតផលក្នុងស្រុកសរុប ។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះសង្រ្គាមថ្ងៃទី ២៨ ខែកុម្ភៈ ពេលដែលអ៊ីរ៉ង់បើកការវាយប្រហាររលកមីស៊ីលលើប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក-អ៊ីស្រាអែលវាយប្រហារទីក្រុងតេអេរ៉ង់នោះ គេបានមើលឃើញស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងតាមទូរស័ព្ទដៃ ព្រមានអ្នកស្រុក និងភ្ញៀវទេសចរនៅទូទាំងតំបន់ឲ្យស្វែងរកទីជម្រកលាក់ខ្លួន ។
ក្រុមអាជ្ញាធរបញ្ជាក់ថា នៅយប់ដំបូងនៃជម្លោះ យានដ្រូនបានវាយប្រហារកោះទេសចរណ៍ Palm Jumeirah របស់ទីក្រុង Dubai ស្ថិតនៅជិតរមណីយដ្ឋានប្រណីត The Fairmont ។ វានៅមិនឆ្ងាយប៉ុន្មានគ.មប៉ុណ្ណោះពីសណ្ឋាគារ Burj Al Arab ដែលគេរចនាឡើងដូចទូកក្តោង ។ សណ្ឋាគារលំដាប់ផ្កាយ ៧មួយនេះ រងការផលប៉ះពាល់ផងដែរដោយសារបំណែកធ្លាក់របស់យានដ្រូន ដែលគេមើលឃើញមានការឆាបឆេះបន្តិចបន្តួច ហើយត្រូវបានទប់ស្កាត់ភ្លាមៗ ដោយក្រុមការងារការពារជនស៊ីវិលក្រុង Dubai ។
ដោយឡែក អាកាសយានដ្ឋានក្រុង Dubai បានកត់ត្រាឆ្នាំដ៏មមាញឹកបំផុតពុំធ្លាប់មានរបស់ខ្លួនកាលពីឆ្នាំ ២០២៥ ជាមួយអ្នកដំណើរ ៩៥,២លាននាក់ ពោលគឺមានអ្នកដំណើរច្រើនជាងអាកាសយានដ្ឋានណាណាទាំងអស់នៅលើពិភពលោក សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវអាកាសអន្តរជាតិ ហើយនិងមានអ្នកដំណើរជាមធ្យមប្រហែល ២៦ម៉ឺននាក់ ក្នុង ១ថ្ងៃ ៕