ភ្នំពេញ៖ អគ្គិភ័យបានឆេះផ្ទះពលរដ្ឋអស់ចំនួន០៥ខ្នង បង្កការខូចខាតអស់ទាំងស្រុង ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះឡើយ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៨ និង ៤៥នាទីយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ ពលរដ្ឋក្បែរខាងមានឮសំឡេងផ្ទុះ លុះមួយសន្ទុះក្រោយក៏មានផ្សែងខ្មៅហ៊ុយ ចេញមកក្រៅ ។ ភ្លាមៗ ក៏ផ្អើលឆោរឡោរ ឃើញមានផ្សែងលាយលំអណ្តាតភ្លើង កំពុងឆាឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ ។ ខណៈនោះ ទើបប្រញាប់នាំគ្នា រាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះមកជួយអន្តរាគមន៍ ទប់ស្កាត់ជៀសវាងបង្កការរាលដាលកាន់តែខ្លាំង ។
ក្នុងនោះក៏មានវត្តមាន លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ , លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីចុះមកកាន់ទីតាំងអគ្គិភ័យ ហើយកម្លាំងនគរបាលការិយាបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
អគ្គិភ័យនេះដែរបង្កការខូចខាតអគ្គិភ័យនេះបានបង្កអោយឆេះបន្ទប់ឈើប្រក់ស័ង្កសីចំនួន ០៥បន្ទប់ ហើយឆេះរាលដាលដល់ផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង និងផ្ទះថ្មចំនួន ០១ជាន់ ស្មើនឹង ០៣បន្ទប់ ប៉ុន្តែមិនបានបង្កអោយមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ អត្ថបទ ៖ កុម្ភៈ


