សម្រាប់ការហៅខ្លួនឯងជាអ្នកគាំទ្រសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកដូចជាអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ភាសានោះ ត្រូវបានចាត់ទុកថាមានការខុសប្លែកពីធម្មតា។នៅពេលប្រធានាធិបតី Donald Trump បានស្នើសុំឱ្យប្រទេសនានាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលប្រឆាំងនឹងអ៊ីរ៉ង់ និងដាក់ពង្រាយនាវាដើម្បីបើកច្រកសមុទ្រ Hormuz ដែលការបិទរបស់ច្រកនេះបានបណ្ដាលឲ្យសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងស្ថានភាពវឹកវរ លោកត្រូវបានបដិសេធដោយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយចំនួនរបស់អាមេរិក។មហាអំណាចអឺរ៉ុបបានឆ្លើយតបទៅកាន់សង្គ្រាមនៅអ៊ីរ៉ង់ ថា មិនមែនជាសង្គ្រាមរបស់ពួកគេទេ។

លោក Merz បានប្រាប់សមាជិកសភាអាល្លឺម៉ង់កាលពីថ្ងៃពុធ ១៨មីនាសប្ដាហ៍នេះថា លោកយល់ស្របថាមិនត្រូវបណ្ដោយឱ្យអ៊ីរ៉ង់បង្កការគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួនទេ ប៉ុន្តែបានសម្តែងការសង្ស័យអំពីហេតុផលនៅពីក្រោយសង្គ្រាមអាមេរិក-អ៊ីស្រាអែល។

លោកបានប្រាប់សមាជិកសភាថា រហូតមកដល់សព្វថ្ងៃនេះ មិនមានផែនការគួរឱ្យជឿជាក់ណាមួយសម្រាប់របៀបដែលប្រតិបត្តិការនេះអាចទទួលបានជោគជ័យនោះទេ។ ទីក្រុងវ៉ាស៊ីនតោនពុំបានពិគ្រោះជាមួយពួកលោកទេ ហើយក៏ពុំបាននិយាយថាជំនួយរបស់អឺរ៉ុបគឺចាំបាច់ដែរ។ ពួកលោកបានប្រកាសថា ដរាបណា សង្គ្រាមនៅតែបន្ត ពួកលោកនឹងមិនចូលរួមក្នុងការធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ជាឧទាហរណ៍ ដោយមធ្យោបាយយោធា ឡើយ។

ក្រុមមេដឹកនាំអឺរ៉ុបបានបដិសេធការចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដោយប្រុងប្រយ័ត្នចំពោះការធ្លាក់ចូលក្នុងជម្លោះដែលមិនអាចទាយទុកមុនបាន។នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Sanchez បានរិះគន់ការវាយប្រហារលើអ៊ីរ៉ង់ភ្លាមៗថាជាការធ្វេសប្រហែស និងខុសច្បាប់ ហើយបានបដិសេធការគំរាមកំហែងពីលោក Trump ក្នុងការកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ប្រសិនបើខ្លួនមិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពដែលដំណើរការរួមគ្នាត្រូវបានប្រើប្រាស់សម្រាប់សង្គ្រាម។ កាលពីថ្ងៃអង្គារ១៧ មីនា លោកTrump បានលើកឡើងថាអាមេរិក ទទួលបានដំណឹងពីសម្ព័ន្ធមិត្តអង្គការណាតូភាគច្រើនថា ពួកគេមិនចង់ចូលពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រទេសអ៊ីរ៉ង់ឡើយ ដោយនេះជាទង្វើមួយដែលលោកបានហៅថាជា កំហុសដ៏ឆោតល្ងង់បំផុត៕
