មន្ត្រីក្រសួងការបរទេសមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១៨ មីនា) ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump នឹងតម្រូវឱ្យពលរដ្ឋមកពីប្រជាជាតិសរុបចំនួន ៥០ប្រទេស ត្រូវដាក់ប្រាក់តម្កល់ចំនួន ១៥.០០០ដុល្លារ ដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការចូលសហរដ្ឋអាមេរិក។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះបញ្ជាក់ថា ប្រជាជាតិថ្មីចំនួន ១២ប្រទេស កំពុងត្រូវបានបន្ថែមចូលក្នុងបញ្ជីដែលមានស្រាប់ ៣៨ប្រទេស ដែលភាគច្រើនស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ហើយនេះនាំឱ្យចំនួនប្រជាជាតិសរុបដែលតម្រូវឱ្យពលរដ្ឋរបស់ពួកគេដាក់ប្រាក់តម្កល់ដ៏ច្រើននោះ មានចំនួន ៥០ប្រទេស។

កម្មវិធីពង្រីកប្រាក់តម្កល់ទិដ្ឋាការនេះ ដែលតម្រូវឱ្យជនបរទេសទាំងនោះបង់ប្រាក់ ១៥.០០០ ដុល្លារ សម្រាប់ទិដ្ឋាការប្រភេទ B1 ឬ B2 សម្រាប់គោលបំណងធុរកិច្ច និងទេសចរណ៍ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២ ខែមេសា ដ៏ឆាប់ខាងមុខនេះ។ មន្ត្រីដដែលបន្តថា គោលបំណងគឺដើម្បីទប់ស្កាត់អ្នកទស្សនា មិនឱ្យស្នាក់នៅហួសកាលកំណត់នៃទិដ្ឋាការរបស់ពួកគេ។

ប្រទេសថ្មីៗដែលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីប្រាក់តម្កល់ទិដ្ឋាការនេះ រួមមានអេត្យូពី ហ្សកហ្ស៊ី ហ្គ្រើណាដា ឡេសូតូ ម៉ូរីស ម៉ុងហ្គោលី ម៉ូហ្សំប៊ិក នីការ៉ាហ្គា ព្រមទាំងប្រទេសមួយចំនួនទៀត។ ប្រទេសចំនួន ៣៨ ដែលពីមុនត្រូវបានបញ្ចូលរួមមាន អាល់ហ្សេរី អង់ហ្គោឡា អង់ទីហ្គា និងបាប៊ូដា បង់ក្លាដែស បេនីន ប៊ូតាន បុតស្វាណា ប៊ូរុនឌី គុយបា ក៏ដូចជាប្រទេសដទៃមួយចំនួនទៀត។
មន្ត្រីរូបនោះនិយាយថា ប្រាក់តម្កល់នឹងត្រូវសងត្រឡប់ទៅអ្នកទទួលបានទិដ្ឋាការវិញ ប្រសិនបើពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនដោយអនុលោមតាមលក្ខខណ្ឌនៃទិដ្ឋាការ និងប្រាក់តម្កល់ ឬក៏ក្នុងករណីដែលពួកគេមិនបានធ្វើដំណើរទៅអាមេរិកទាល់តែសោះ។ កាលពីខែមិថុនាឆ្នាំមុន លោក Trump បានចេញបម្រាមធ្វើដំណើរដែលបានរារាំងទាំងស្រុង ឬមួយផ្នែក ចំពោះពលរដ្ឋមកពី ១៩ប្រទេស មិនឱ្យចូលអាមេរិកឡើយ ដោយផ្អែកលើហេតុផលសន្តិសុខជាតិ៕