ក្រុមសារិកាព្រៃ Newcastle United បានក្លាយជាក្រុមអង់គ្លេសទីបួនធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ Champions League បន្ទាប់ពី Chelsea, Manchester City និង Tottenham Hotspur ក្រោយបរាជ័យនៅទឹកដី Barcelona ៧-២ និងសរុបទាំងពីរជើង ៨-៣។
ជំនួបជើងទីមួយនៅអង់គ្លេសក្រុមទាំងពីរស្មើគ្នា ១-១ ខណៈជើងទីពីរនេះ Raphinha បើកការនាំមុខឱ្យម្ចាស់ផ្ទះតាំងពីនាទីទី ៦ តែ Anthony Elanga ឆ្លើយតបវិញភ្លាមៗនាទីទី ១៥។
Marc Bernal ក្រោយមកក៏រកបានគ្រាប់នាំមុខវិញឱ្យ Barcelona មុនពេលដែល Anthony Elanga ដដែលតាមស្មើនៅនាទីទី ២៨។
ក្រុមទាំងពីរគួរតែបញ្ចប់វគ្គទីមួយស្មើគ្នាទៅហើយ តែ VAR រកឃើញកំហុសរបស់ Kieran Trippier ធ្វើឱ្យ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ពិន័យ ១១ ម៉ែត្រនាំមុខ ៣-២ នាទីទី ៤៥+៧។
ឈានចូលវគ្គទីពីរ អ្វីៗជារបស់ Barcelona នៅពេល Fermin Lopez បន្ថែមគ្រាប់នាំមុខ ៤-២ មុនពេល Robert Lewandowski រកបានពីរគ្រាប់ម្នាក់ឯង និងបង្ហើយដោយ Raphinha គ្រាប់ទីពីររបស់គេក្នុងការប្រកួត។
ចប់ការប្រកួត Barcelona យកឈ្នះ Newcastle ៧-២ បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយជួបក្រុមរួមលីគ Atletico Madrid៕ អត្ថបទ៖នាង សុភាវុធ


