Tottenham Hotspur ទីបំផុតរកបានជ័យជំនះដំបូងក្រោមការដឹកនាំរបស់លោក Igor Tudor នៅពេលយកឈ្នះ Atletico Madrid ៣-២ តែមិនអាចឡើងជុំបន្តឡើយ ដោយចាញ់សរុបទាំងពីរជើង ៧-៥។
Spurs ត្រូវមានការងារធ្ងន់នៅជើងទីពីរនេះបន្ទាប់ពីបរាជ័យនៅទឹកដីអេស្ប៉ាញ ៥-២ តែពួកគេមានឱកាសច្រើន តែខ្ជះខ្ជាយ មុនពេលដែល Kolo Muani រកបានគ្រាប់នាំមុខនៅនាទីទី ៣០ ផ្តល់ក្តីសង្ឃឹមខ្លះៗ។
ឈានចូលវគ្គទីពីរបានត្រឹមពីរនាទី Julian Alvarez ក៏រកបានគ្រាប់តាមស្មើឱ្យ Atletico Madrid នៅនាទីទី ៤៧ មុនពេលដែល Xavi Simon រកបានគ្រាប់នាំមុខសាជាថ្មីឱ្យ Spurs នៅនាទីទី ៥២។
យ៉ាងណាក្តីក្រុមរបស់លោក Igor Tudor មិនអាចកាត់បន្ថយការនាំមុខច្រើនជាងនេះឡើយនៅពេល David Hancko តែតបញ្ចូលទីតាមស្មើ ២-២ ទោះបី Xavi Simon ស៊ុតបាល់ ១១ ម៉ែត្រយកឈ្នះនៅចុងម៉ោង ៣-២ សម្រាប់ Spurs តែយឺតពេលទៅហើយ។
អស់ភារកិច្ចនៅ Champions League នេះហើយ ដូច្នេះ Spurs ត្រូវផ្តោតតែមួយមុខគត់គឺធ្វើយ៉ាងណាគេចឱ្យពីតំបន់កាត់ចោលនៅ Premier League ខណៈដែលពួកគេនឹងត្រូវជួប Nottingham Forest ថ្ងៃអាទិត្យនេះ។
សម្រាប់ Atletico Madrid នឹងបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយដោយនឹងត្រូវជួបជាមួយក្រុមរួមលីគ Barcelona៕ អត្ថបទ៖នាង សុភាវុធ


