ប្រទេសអេស្ប៉ាញ សាធារណរដ្ឋកូរ៉េ (ROK) និងប្រទេសរុស្ស៊ី បានបង្ហាញវិធានការឆ្លើយតប ខណៈជម្លោះអូសបន្លាយពេលយូរនៅមជ្ឈិមបូព៌ា បានចាប់ផ្តើមប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងសកល ដោយមានហានិភ័យចំពោះការផលិត និងការដឹកជញ្ជូន ដែលអាចមើលឃើញកាន់តែច្បាស់។ ជម្លោះ ចាប់ផ្តើមដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានរាលដាលហួសពីការប៉ះទង្គិចគ្នាដោយផ្ទាល់ រហូតពាក់ព័ន្ធដល់រដ្ឋឈូងសមុទ្រជាច្រើន។

ការរីកធំជម្លោះ កំពុងបង្កើនអស្ថិរភាពក្នុងតំបន់ និងបង្កើនភាពតានតឹងនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន។ ច្រកសមុទ្រ Hormuz ជាច្រកដឹកជញ្ជូនចង្អៀតយុទ្ធសាស្ត្ររវាងឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ជាច្រកចេញចូលសមុទ្រតែមួយគត់ទៅកាន់មហាសមុទ្រដែលបើកចំហសម្រាប់រដ្ឋឈូងសមុទ្រផលិតប្រេងហើយបានក្លាយជាចំណុចកណ្តាល បន្ទាប់ពីអ៊ីរ៉ង់បានគំរាមដាក់គោលដៅលើនាវាឆ្លងកាត់ដើម្បីសងសឹកចំពោះការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១១,៥ លានបារ៉ែលពីប្រេងបម្រុងយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការប្រែប្រួលលើទីផ្សារ។ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ បានបង្កើនការប្រុងប្រយ័ត្នចំពោះវិបត្តិប្រេងរបស់ខ្លួនពីកម្រិត «យកចិត្តទុកដាក់» ទៅកម្រិត «ប្រុងប្រយ័ត្ន» ហើយកំពុងត្រៀមបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រ ក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការរំខានដល់ការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធានបានឲ្យដឹងថា ការខូចខាតដល់រោងចក្រផលិត និងដឹកជញ្ជូននៅក្នុងប្រទេសផលិតប្រេងធំៗនៅមជ្ឈិមបូព៌ា បាននាំឱ្យមានការរំខានដោយផ្នែកជុំវិញការរឹតត្បិតទិន្នផល និងការនាំចេញ។ លើសពីនេះ អស្ថិរភាពនៅផ្លូវដឹកជញ្ជូនប្រេងបានកើនឡើងដោយសារតែការបិទច្រកសមុទ្រ Hormuz។