មនុស្សយ៉ាងហោច ៨នាក់ ត្រូវបានសម្លាប់ អំឡុងការវាយឆ្មក់របស់នគរបាលលើសង្កាត់ក្រីក្រមួយកន្លែង ស្ថិតនៅកណ្តាលទីក្រុង Rio de Janeiro ។
នគរបាលប្រេស៊ីលនិយាយថា ការវាយឆ្មក់កាលពីថ្ងៃពុធ បានសម្លាប់លោក Claudio Augusto dos Santos ដែលជាមេបញ្ជាការក្រុមឧក្រិដ្ឋកម្មដ៏មានឥទ្ធិពល Comando Vermelho ។
លោក Marcelo Menezes Nogueira គឺជាស្នងការនគរបាលប្រេស៊ីល និយាយថា ការវាយឆ្មក់នេះ បង្កឲ្យមានការប្រឈមប្រដាប់អាវុធដាក់គ្នា ។ លោក Dos Santos និងឧក្រិដ្ឋជនសង្ស័យ ៦នាក់ទៀត ត្រូវបានសម្លាប់ ហើយនិងអ្នកស្រុកម្នាក់ដែលជាប់ខ្លួននៅក្នុងការផ្ទុះអាវុធ ក្រោយត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង បានស្លាប់ផងដែរ ។

សាក្សីបានរៀបរាប់ថា បុគ្គលដែលមានទំនាក់ទំនងជាមួយក្រុម Red Command បានសងសឹកប្រឆាំងនឹងការវាយឆ្មក់នេះ ដោយពួកគេនាំគ្នាបិទផ្លូវ និងដុតកម្ទេចចោលរថយន្តក្រុងមួយគ្រឿង ។
លោក Marcio Souza គឺជាអ្នកបើកបររថយន្តក្រុងរងការដុតបំផ្លាញ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ពួកគេបានឡើងជិះរថយន្តរបស់លោក និងប្រាប់លោកឲ្យនាំអ្នកដំណើរចុះពីលើរថយន្តក្រុង ហើយនិងដុតរថយន្តក្រុងនេះចោលតែម្តង ។ វាបានកើតឡើងលឿនខ្លាំងណាស់ ។
នគរបាលនិយាយថា មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងករណីបំផ្លិចបំផ្លាញចោទប្រកាន់ ។ មន្រ្តីនគរបាលប្រហែល ១៥០នាក់ បានចូលរួមការវាយឆ្មក់នៅតំបន់ជាច្រើនដូចជាតំបន់ Prazeres, Fallet, Fogueteiro, Coroa, Escondidinho និងតំបន់ Paula Ramos ៕
