ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសពីការរៀបចំ គណៈរដ្ឋមន្ត្រីឡើងវិញកាលពីថ្ងៃពុធ ដោយតែងតាំងរដ្ឋមន្ត្រីថ្មីសម្រាប់ក្រសួងការពារជាតិ លំនៅឋាន និងថាមពលអគ្គិសនី។
លោក Gustavo Gonzalez Lopez ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយជំនួសលោក Vladimir Padrino Lopez ដែលបានកាន់តំណែងនេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

ពីមុន លោក Gonzalez Lopez ធ្លាប់បានបម្រើការជាមេបញ្ជាការកងឆ្មាំកិត្តិយសរបស់ប្រធានាធិបតី បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា កាលពីខែមករា។
លោកស្រី Rodriguez ក៏បានតែងតាំងលោក Jorge Marquez Monsalve ជារដ្ឋមន្ត្រីក្រសួងផែនការ និងលំនៅឋាន ដោយមានភារកិច្ចធានាសិទ្ធិទទួលបានលំនៅឋានដ៏ថ្លៃថ្នូរសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា។
ការរុះរើគណៈរដ្ឋមន្ត្រីនេះ ក៏រួមបញ្ចូលទាំងការតែងតាំងវិស្វករអគ្គិសនី លោក Rolando Alcala ជារដ្ឋមន្ត្រីក្រសួងថាមពលអគ្គិសនីផងដែរ។ នេះបើយោងតាមលោកស្រី Rodriguez៕
