ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ព្រមទាំងអង្គការណាតូឱ្យ «ចេញមកជួយ» ខណៈលោកដាក់សម្ពាធលើសម្ព័ន្ធមិត្តឱ្យផ្តល់ការគាំទ្របន្ថែមទៀតជុំវិញសង្គ្រាមអ៊ីរ៉ង់ និងទប់ទល់ការកើនឡើងនៃតម្លៃប្រេងសកល។

លោក Trump ដែលបានស្វាគមន៍លោកស្រី Takaichi នៅសេតវិមាន បានពោលពាក្យសរសើរយ៉ាងខ្លាំងចំពោះមេដឹកនាំជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីបូព៌ា ក្នុងអំឡុងពេលជំនួបកំពូលនោះ។ លោក Trump ក៏បាននិយាយការពារប្រតិបត្តិការរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមានការភ្ញាក់ផ្អើល ហើយក៏បានប្រើប្រាស់ជំនួបនេះ ដើម្បីដាក់សម្ពាធជាថ្មីលើសម្ព័ន្ធមិត្តអាមេរិក ចាប់តាំងពីអាស៊ី រហូតដល់អឺរ៉ុប។

ប្រធានាធិបតីរូបនេះ បានស្នើឱ្យមាននាវាបន្ថែមទៀតដើម្បីបោសសម្អាតមីន និងអមដំណើរការពារនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលភាគច្រើនត្រូវបានបិទខ្ទប់ដោយអ៊ីរ៉ង់នៅក្នុងជម្លោះនេះ បើទោះបីជាលោកធ្លាប់លើកឡើងថា សហរដ្ឋអាមេរិកមិនត្រូវការជំនួយណាមួយក៏ដោយ។

ចំពោះជប៉ុន លោក Trump និយាយថា លោករំពឹងថាប្រទេសសម្ព័ន្ធមិត្តមួយនេះនឹងបង្កើនការចូលរួម ដោយផ្អែកលើការគាំទ្រដែលអាមេរិកបានផ្តល់ឱ្យប្រទេសនេះ និងវត្តមានកងទ័ពរាប់ម៉ឺននាក់ដែលឈរជើងនៅទីនោះ។ លោកនិយាយថា លោកជឿជាក់ថា ជប៉ុនកំពុង «បង្ហាញជំហរយ៉ាងសកម្ម» លើបញ្ហាអ៊ីរ៉ង់ ដែលខុសពីសម្ព័ន្ធមិត្តណាតូ។ ចំណែកលោកស្រី Takaichi វិញបានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូស ហើយបាននិយាយថា លោកស្រីជឿជាក់ថា មានតែលោក Trump ប៉ុណ្ណោះដែលអាចសម្រេចបាននូវសន្តិភាព៕