ចាប់ពីថ្ងៃទី១៦ដល់១៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥៥៦នាក់ ស្រី២៧៨នាក់ មាន២១សញ្ជាតិ រួមមាន ៖ កេនយ៉ា ប៉ូតង់ ប៉ាគីស្ថាន កូរ៉េ ឥណ្ឌា ចិន វៀតណាម បង់ក្លាដេស យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ជប៉ុន កាមេរូន ហ្វីលីពីន មីយ៉ាន់ម៉ា នីហ្សេរីយ៉ា តុងហ្គោ ចិនតៃវ៉ាន់ ទួកមេនីស្ថាន នេប៉ាល់ ស្រីលង្កា និងម៉ាឡេស៊ី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះមានជនជាតិវៀតណាមចំនួន ៧៧៦នាក់ (ស្រី ១៨៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត(ខេត្តស្វាយរៀង) និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ខេត្តក្រចេះ) និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕



