មេទ័ពជាន់ខ្ពស់ដែលទទួលបន្ទុកកងកម្លាំងអាមេរិកនៅតំបន់អាមេរិកឡាទីន បានប្រាប់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ (១៩ មីនា) ថា យោធារបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនកំពុងធ្វើសមយុទ្ធសម្រាប់ការឈ្លានពានប្រទេសគុយបា ឬក៏រៀបចំយ៉ាងសកម្មដើម្បីកាន់កាប់កោះនេះដោយយោធានោះទេ។

លោកឧត្តមសេនីយ៍ Francis Donovan ប្រធានបញ្ជាការដ្ឋានភាគខាងត្បូងរបស់អាមេរិក បាននិយាយថា យ៉ាងណាក៏ដោយ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយរាល់ការគំរាមកំហែងចំពោះស្ថានទូតអាមេរិក ការពារមូលដ្ឋានរបស់ខ្លួននៅតំបន់ Guantanamo ក្នុងប្រទេសគុយបា និងជួយដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិក ក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសកោះនេះ ប្រសិនបើចាំបាច់។
ការលើកឡើងរបស់លោក Donovan ធ្វើឡើងអំឡុងសវនាការព្រឹទ្ធសភា ដែលផ្តោតលើការប្រើប្រាស់កម្លាំងយោធាកាន់តែខ្លាំងរបស់លោកប្រធានាធិបតី Donald Trump នៅអាមេរិកឡាទីន។ លោក Trump បញ្ជាឱ្យយោធា វាយប្រហារទូកដែលសង្ស័យថាដឹកគ្រឿងញៀន និងកំពុងពង្រីកសម្ព័ន្ធភាពប្រឆាំងគ្រឿងញៀន ជាមួយរដ្ឋាភិបាលដែលគាំទ្រទីក្រុងវ៉ាស៊ីនតោន ក្នុងតំបន់អាមេរិកឡាទីនផងដែរ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Trump និយាយថា លោករំពឹងថានឹងកាន់កាប់គុយបា «តាមរូបភាពណាមួយ» ហើយថា «លោកអាចធ្វើអ្វីក៏បានដែលលោកចង់ធ្វើ» ចំពោះប្រទេសជិតខាងមួយនេះ ដែលស្ថិតនៅចម្ងាយត្រឹមតែប្រហែល ១៨០គីឡូម៉ែត្រប៉ុណ្ណោះ នៅភាគខាងត្បូងនៃតំបន់ Key West រដ្ឋ Florida។ ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចប្រឹងប្រែងរបស់អាមេរិកហាក់ដូចជាមានគោលបំណងបង្កើតសម្ពាធផ្នែកសេដ្ឋកិច្ចលើគុយបាតែប៉ុណ្ណោះ៕
