ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលបានបិទកាលពីថ្ងៃព្រហស្បតិ៍ (១៩ មីនា) សប្ដាហ៍នេះបានរកឃើញថា ជនជាតិអាមេរិកប្រហែល ៦៥% នៃអ្នកឆ្លើយតបសំណួរស្ទង់មតិ ជឿថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបញ្ជាឱ្យកងទ័ពចូលក្នុងសង្គ្រាមជើងគោកទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមានតែមនុស្សចំនួន ៧% ប៉ុណ្ណោះដែលគាំទ្រគំនិតនោះ។

ការស្ទង់មតិរយៈពេល ៣ថ្ងៃនេះបានបង្ហាញថា ប្រជាប្រិយភាពទូទៅរបស់លោក Trump ជាមួយសាធារណជននៅតែរក្សាដដែលក្នុងកម្រិត ៤០% ពោលគឺកើនឡើង ១% ធៀបនឹងការស្ទង់មតិរបស់ Reuters/Ipsos ដែលបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

របាយការណ៍រ៉យទ័រកាលពីថ្ងៃពុធបាននិយាយថា រដ្ឋបាលលោក Trump ពិចារណាដាក់ពង្រាយកងទ័ពអាមេរិករាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅមជ្ឈិមបូព៌ា។ លទ្ធភាពនៃការដាក់ពង្រាយនេះ អាចប្រើកម្លាំងដែនអាកាស និងកងទ័ពជើងទឹក ដើម្បីធានាការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវាដឹកប្រេងតាមរយៈច្រកសមុទ្រហ័រមូស ឬអាចពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ច្រាំងសមុទ្ររបស់អ៊ីរ៉ង់។

របាយការណ៍រ៉យទ័របន្តថា រដ្ឋបាលលោក Trump ក៏បានពិភាក្សាពីជម្រើសក្នុងការបញ្ជូនកងទ័ពជើងគោកទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌលនាំចេញប្រេង ៩០% របស់អ៊ីរ៉ង់។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោក «មិនដាក់ពង្រាយកងទ័ពនៅទីណាឡើយ»៕