ព្យុះស៊ីក្លូនត្រូពិក Narelle ដ៏ធំមួយបានបោកបក់លើឆ្នេរសមុទ្រភាគឦសាននៃប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ (២០ មីនា) នេះ ដោយនាំមកនូវខ្យល់បោកបក់យ៉ាងខ្លាំងក្លាបង្កការបំផ្លិចបំផ្លាញ ភ្លៀងធ្លាក់ខ្លាំង និងការដាច់ចរន្តអគ្គិសនី ខណៈអាជ្ញាធរបានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ និងត្រៀមលក្ខណៈសម្រាប់កម្រិតនៃការខូចខាតធ្ងន់ធ្ងរ។

អាជ្ញាធរបាននិយាយថា ព្យុះស៊ីក្លូន Narelle បានបោកបក់ដល់ដីគោកក្នុងតំបន់ដាច់ស្រយាលនៃចុងភាគខាងជើងឆ្ងាយរបស់រដ្ឋ Queensland ក្នុងកម្រិតទី៤ ដែលទាបជាងមួយលេខប៉ុណ្ណោះពីកម្រិតខ្លាំងក្លាបំផុតទី៥ ដោយមានកម្លាំងខ្យល់បោកបក់ដល់ទៅ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

អភិបាលរដ្ឋ Queensland បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «មានភ្លៀងធ្លាក់ច្រើនណាស់ក្នុងប្រព័ន្ធព្យុះនេះ ហើយនៅពេលព្យុះផ្លាស់ទី វានឹងមានសភាពខ្លាំងក្លា និងរហ័ស»។ អភិបាលរដ្ឋបន្តថា ភ្លៀងធ្លាក់ខ្លាំងអាចបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក ហើយក្រុមការងារសង្គ្រោះបន្ទាន់បានចុះទៅតាមផ្ទះក្នុងសហគមន៍ងាយរងគ្រោះនៅថ្ងៃសុក្រនេះ ដើម្បីប្រកាសអាសន្នដល់អ្នកស្រុក។
ឧទ្ធម្ភាគចក្រក៏ត្រូវបានដាក់ពង្រាយដើម្បីពិនិត្យតំបន់ដែលមានហានិភ័យខ្ពស់ មុនពេលព្យុះស៊ីក្លូនមកដល់ផងដែរ។ អ្នកស្រុកមួយចំនួនបានជម្លៀសខ្លួនទៅកាន់មជ្ឈមណ្ឌលសហគមន៍មុនពេលព្យុះវាយប្រហារ ដោយការព្រមានពីខ្យល់ព្យុះ បានលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៦០០គីឡូម៉ែត្រទូទាំងតំបន់នោះ៕