ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) បានជំរុញឲ្យសហរដ្ឋអាមេរិក «ប្រុងប្រយ័ត្ន ចំពោះពាក្យសម្ដី និងវិធានការរបស់ខ្លួន ជុំវិញបញ្ហាកោះតៃវ៉ាន់» ដោយចាត់ទុកថា ជារឿងផ្ទៃក្នុង។

ប្រទេសចិនចាត់ទុកដែនដីតៃវ៉ាន់ គឺជា «ខេត្តបំបែកខ្លួន» ខណៈដែលទីក្រុងតៃប៉ិ បានទទូចលើឯករាជ្យភាពរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៤៩។ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បាននិយាយថា៖ «សហរដ្ឋអាមេរិកគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិន-សហរដ្ឋអាមេរិក ហើយប្រុងប្រយ័ត្ន ចំពោះពាក្យពេចន៍ និងវិធានការរបស់ខ្លួន ជុំវិញបញ្ហាកោះតៃវ៉ាន់»។

ការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងរូបនេះ បានកើតឡើងបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍វាយតម្លៃការគំរាមកំហែងសកលប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលបានលើកឡើងថា ចិនទំនងជានឹងកំណត់លក្ខខណ្ឌ សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ហើយបច្ចុប្បន្ន មិនស្វែងរកការធ្វើសង្គ្រាមនោះទេ។
លោក Lin បានបញ្ជាក់ថា៖ «បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយការដោះស្រាយជាមួយដែនដីនេះ គឺជាបញ្ហាទាំងមូល សម្រាប់ប្រជាជនចិនផ្ទាល់ខ្លួនឯង ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាមួយឡើយ»។ លោកក៏បានអំពាវនាវដល់ស្ថាប័ន និងបុគ្គលអាមេរិកឲ្យ «បោះបង់ចោលភាពលម្អៀងខាងមនោគមវិជ្ជា និងទស្សនៈបែបសង្គ្រាមត្រជាក់ និងយកឈ្នះយកចាញ់ កែតម្រូវការយល់ដឹងរបស់ពួកគេ អំពីប្រទេសចិន និងឈប់ផ្សព្វផ្សាយ «ទ្រឹស្តីគំរាមកំហែងពាក់ព័ន្ធនឹងប្រទេសចិន»។
គួរបញ្ជាក់ថា សហគមន៍ចារកម្មអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថា បច្ចុប្បន្ននេះ ប្រទេសចិន មិនមានផែនការក្រសោបយកកោះតៃវ៉ាន់ ក្នុងឆ្នាំ២០២៧ នោះទេ ហើយកំពុងស្វះស្វែងរកការគ្រប់គ្រងលើកោះនេះ ដោយមិនប្រើប្រាស់កម្លាំង។ ការវាយតម្លៃក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារចារកម្ម ស្តីពីការគំរាមកំហែងសកល បានកើតឡើងខណៈដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដោយការធ្វើសមយុទ្ធយោធាជាញឹកញាប់ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ធូរបន្ថយការវាយតម្លៃ លើហានិភ័យនៃសកម្មភាពយោធារបស់ចិន ក្នុងអំឡុងពេលលោកនៅកាន់តំណែងក៏ដោយ។ ប៉ុន្មានខែកន្លងទៅថ្មីៗនេះ អាមេរិកទើបបានអនុម័តលក់អាវុធតម្លៃរាប់ពាន់លានដុល្លារទៅកោះតៃវ៉ាន់៕