ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចជុំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មចុងក្រោយ ក្នុងគោលដៅកំណត់បណ្តាសកម្មភាពជាអាទិភាព ដោយពន្លឿនគោលនយោបាយនេះ ឲ្យបានឆាប់រហ័ស ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ នេះ បានដឹកនាំប្រជុំស្តីពីសេចក្តីព្រៀងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជាការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើបដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការជំរុញវិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ទាក់ទងនិងគោលនយោបាយនេះ, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លើកឡើងថា ការរៀបចំឲ្យមានគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល គឺជាផែនទីដ៏មានសារៈសំខាន់បំផុត ក្នុងការចង្អុលទិស នៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងជាការទាក់ទាញវិនិយោគិនឲ្យមកអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើនកសិផលបម្រើទីផ្សារនាំចេញ ស្របពេលរាជរដ្ឋាភិបាលបានកំពុងខិតខំពង្រឹង និងពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។
គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ បាននិងកំពុងត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាព ទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។
គោលដៅចម្បងដែលត្រូវសម្រេចឱ្យបានក្នុងគោលនយោបាយនេះរួមមាន៖ ការបង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ ភាគរយក្នុងមួយឆ្នាំ និងបង្កើនផលិតភាពពលកម្មកសិកម្មពី ១,៩៨៦ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៤,៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។
“គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” នឹងជួយជំរុញក្នុងន័យធ្វើយ៉ាងណាឱ្យប្រជាកសិករទទួលបានការគាំទ្រពីរដ្ឋនូវព័ត៌មានកសិកម្ម និងព័ត៌មានទីផ្សារ ដើម្បីផ្សារភា្ជប់ផលិតកម្មទៅនឹងតម្រូវការទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកព្រមទាំងជំរុញផលិតកម្មកសិផលតាមសក្តានុពលលក្ខណៈភូមិសាស្រ្តនៃតំបន់នីមួយៗ ដើម្បីប្រសិទ្ធភាព និងពិពិធកម្មសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី