លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គ្រោងកោះប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទ ទី២៣ ខែមីនា នេះ ដើម្បីពិភាក្សាអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីសង្រ្គាមក្នុងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពីលោកស្រី Rachel Reeves រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក Andrew Bailey អភិបាលធនាគារកណ្តាលអង់គ្លេស។

វិនិយោគិនសកលកំពុងតែត្រៀមខ្លួនសម្រាប់សប្តាហ៍ដ៏រង្គោះរង្គើជាថ្មីម្តងទៀតនៅក្នុងទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងវាយប្រហារលើប្រព័ន្ធថាមពល និងបណ្ដាញទឹកនៃប្រទេសជិតខាងនានាក្នុងតំបន់ឈូងសមុទ្រ ប្រសិនបើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អនុវត្តតាមការគំរាមកំហែងក្នុងការវាយប្រហារលើបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់មែននោះ។

ចក្រភពអង់គ្លេសកំពុងតែតាមដានស្ថានការណ៍នេះដោយក្តីបារម្ភជាពិសេស។ ការពឹងផ្អែកខ្លាំងរបស់ប្រទេសនេះលើការនាំចូលឧស្ម័នធម្មជាតិ អត្រាអតិផរណាដែលនៅតែមានកម្រិតខ្ពស់មិនព្រមថយចុះ ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុសាធារណៈដែលតានតឹង បានធ្វើឱ្យប័ណ្ណបំណុលរបស់រដ្ឋាភិបាលអង់គ្លេសធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងប្រទេសដទៃទៀត។

ក្រសួងហិរញ្ញវត្ថុអង់គ្លេសបានឱ្យដឹងនៅមុនកិច្ចប្រជុំដែលគេហៅថា «COBRA» នៅថ្ងៃចន្ទនេះថា៖ «ប្រធានបទដែលរំពឹងថានឹងត្រូវលើកយកមកពិភាក្សានៅក្នុងអង្គប្រជុំ រួមមានផលប៉ះពាល់សេដ្ឋកិច្ចនៃវិបត្តិនេះមកលើក្រុមគ្រួសារ និងអាជីវកម្ម សន្តិសុខថាមពល ភាពធន់នៃវិស័យឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នៅចក្រភពអង់គ្លេសផ្ទាល់ ព្រមទាំងការឆ្លើយតបជាអន្តរជាតិផងដែរ»៕