ភ្នំពេញ៖ សហជីពគ្រប់និន្នាការនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ខណៈកិច្ចអន្តរាគមន៍នេះ គឺជាវិធានការបណ្តោះអាសន្នក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។

អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) បានថ្លែងថា អ្នកស្រីគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានជួយអន្តរាគមន៍បញ្ហាវិបត្តិប្រេងឥន្ធនៈជាសកលបានទាន់ពេល។ តំណាងកម្មករនិយោជិត និងនិយោជក បានពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមរម្យជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត។
អ្នកស្រីបញ្ជាក់ថា «ខ្ញុំអត់មានពាក្យអ្វីនិយាយទេ ព្រោះរំភើបខ្លាំងពេក ព្រោះកន្លងមកយើងធ្លាប់ជជែកគ្នាច្រើនពីរឿងអត្ថប្រយោជន៍កម្មករ ទម្រាំតែជជែកគ្នារកចំណុចរួមមួយសមរម្យ ដែលអាចទទួលយកទាំងអស់គ្នា ប៉ុន្ដែការប្រជុំលើកនេះ គឺយើងអត់បានជជែកគ្នាខ្លាំងទេ ហើយនិយាយឆាប់ត្រូវគ្នាទៀត ដោយសារយើងបានដឹងច្បាស់ពីស្ថានភាពដែលបានកើតឡើងនៅលើសកលលោក»។
លើសពីនេះអ្នកស្រី ទូច សើ បានបន្ថែមថា អ្នកស្រី ក៏ដូចជាកម្មករនឹងសប្បាយរីករាយខ្លាំង ក្រោយពីបានទទួលដំណឹងនេះ ដោយសាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ អ្នកស្រីបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ គាំទ្រដល់ចំណាត់ការនេះ និងចូលរួមអនុវត្តទទួលយកដំណោះស្រាយដ៏សមរម្យនេះ។

ជុំវិញចំណាត់ការបែបនេះ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបាននិយាយថា ក្នុងនាមតំណាងកម្មករនិយោជិតពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិតនៅក្នុងបរិបទដ៏លំបាកនេះ។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំសប្បាយរីករាយចចំពោះចំណាត់ការនេះ បើទោះបីជាចំនួននៃការផ្ដល់ជូនទៅកម្មករមិនបានច្រើនក៏ដោយ ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ ការទាមទារដំឡើងប្រាក់ឧបត្ថម្ភនានាពីនិយោជក គឺមិនងាយពិភាក្សាបានជោគជ័យទេ ប៉ុន្ដែលើកនេះ គឺមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល គឺយើងមិនបានជជែកគ្នាអ្វីច្រើនទេ តែយើងទទួលបានលទ្ធផលជាវិជ្ជមាន»។

សូមជំរាបជូនថា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឯកភាពគ្នាផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។
សូមរម្លឹកទៀតថា កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះធ្វើឡើងបន្ទាប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីរកដំណោះស្រាយសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងផងនៃឧស្សាហកម្មរបស់កម្ពុជាផងដែរ៕


