ប្រជាជនប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ថា អ្នកតាំងលំនៅឋានអ៊ីស្រាអែល បានដុតអគារ និងរថយន្ត ក្នុងការវាយប្រហារលើភូមិជាច្រើនក្នុងតំបន់កាន់កាប់ West Bank ដោយកងទ័ពអ៊ីស្រាអែលកំពុងថ្កោលទោស «អំពើហិង្សាគ្រប់ទម្រង់» បន្ទាប់ពីហេតុការណ៍នេះ។

ការលួចដុត ដែលត្រូវបានរាយការណ៍បានកើតឡើងនៅក្នុងពេលនៃការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាបន្តបន្ទាប់ធ្វើឡើងដោយអ្នកតាំងលំនៅឋានអ៊ីស្រាអែលនៅក្នុងតំបន់ West Bank ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅមជ្ឈិមបូព៌ា។ អ្នកសារព័ត៌មាន AFP បានឃើញសំណល់លំនៅឋាននិងរថយន្តជាច្រើនគ្រឿងបានឆេះ នៅក្នុងភូមិ Fandaqumiya ភាគនិរតីទីក្រុង Jenin។

នៅក្នុងភូមិ Jalud មជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយកន្លែងត្រូវបានដុតបំផ្លាញ។ លោក Hassan Al-Zoubi ដែលលំនៅឋានរបស់លោកត្រូវបានបំផ្លាញ បាននិយាយថា អ្នកវាយប្រហារប្រហែល២០០នាក់បានមកពីទីតាំងលំនៅឋានតំបន់ Homesh ដែលនៅក្បែរនោះ។ លោក Zoubi និយាយថា «ពួកគេបានដុតផ្ទះនៅចំពោះមុខយើងដោយប្រើស្រាក្រឡុក Molotov »។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់បានរងរបួស ក្នុងការវាយប្រហារនេះ។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ទាហានត្រូវបាន «បញ្ជូនទៅកាន់ភូមិប៉ាឡេស្ទីនជាច្រើនកន្លែង បន្ទាប់ពីមានរបាយការណ៍អំពីជនស៊ីវិលអ៊ីស្រាអែលបានប្រព្រឹត្តការដុតបំផ្លាញរចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិព្រមទាំងការចូលរួមក្នុងការធ្វើឲ្យរំខានដល់តំបន់»។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងសន្តិសុខ ថ្កោលទោសអំពើហិង្សាគ្រប់ទម្រង់ ហើយនឹងបន្តធ្វើសកម្មភាពដើម្បីរក្សាសន្តិសុខរបស់ប្រជាជន និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងតំបន់»។ នគរបាលអ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថាតើហេតុការណ៍នេះ «ទាក់ទងនឹងភេរវកម្ម» ដែរឬយ៉ាងណា ប៉ុន្តែពុំមានការបញ្ជាក់ណាមួយឡើយ។ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់មក ប្រជាជនប៉ាឡេស្ទីនចំនួន៦នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការវាយប្រហាររបស់អ្នកតាំងលំនៅឋាននៅតំបន់ West Bank នេះបើយោងតាមការរាប់ទិន្នន័យពីក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុង Ramallah។