នគរបាលនៅទីក្រុង Tirana បានប្រើប្រាស់កាណុងបាញ់ទឹកក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ដោយក្រុមបាតុករប្រឆាំងទាមទារឱ្យរដ្ឋាភិបាលអាល់បានី លាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ពីអំពើពុករលួយប្រឆាំងនឹងឧបនាយករដ្ឋមន្ត្រី។ ក្រុមបាតុករ បានគប់គ្រាប់បែកសាំង និងកាំជ្រួចទៅលើការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Edi Rama ហើយនគរបាលបានឆ្លើយតបដោយកាណុងបាញ់ទឹក។

ភាពតានតឹងនយោបាយ បានកើនឡើងចាប់តាំងពីខែធ្នូ បន្ទាប់ពីអង្គភាពរដ្ឋអាជ្ញាពិសេសមួយបានដាក់ការចោទប្រកាន់ឧបនាយករដ្ឋមន្ត្រីរបស់លោក Rama គឺលោកស្រី Belinda Balluku ពីបទជ្រៀតជ្រែកក្នុងការដេញថ្លៃសាធារណៈសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគាំទ្រក្រុមហ៊ុនមួយចំនួន ដែលការចោទប្រកាន់នេះលោកស្រី Balluku បានច្រានចោល។

តុលាការប្រឆាំងអំពើពុករលួយ បានព្យួរតំណែងលោកស្រី Balluku ប៉ុន្តែការិយាល័យរដ្ឋអាជ្ញាពិសេស ដែលមានភារកិច្ចប្រយុទ្ធប្រឆាំងអំពើពុករលួយ បានទាមទារឱ្យសភាដកអភ័យឯកសិទ្ធិរបស់លោកស្រី ដើម្បីអាចឱ្យលោកស្រីត្រូវបានចាប់ខ្លួន។ នៅថ្ងៃទី១២ ខែមីនា សភាបានបោះឆ្នោតប្រឆាំងការដកអភ័យឯកសិទ្ធិរបស់លោកស្រី។ លោកស្រី Balluku កាលពីពេលមុនក៏ធ្លាប់បម្រើការជារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលត្រូវបានគេដឹងថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Rama។
ប្រទេសអាល់បានី កំពុងបន្តការចូលជាសមាជិកសហភាពអឺរ៉ុបនៅឆ្នាំ២០៣០ ប៉ុន្តែទីក្រុងព្រុចសែល បានបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មរៀបចំទុក។