នៅថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) នេះ ប្រមុខទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បាននិយាយថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្រោម «ការគំរាមកំហែងធ្ងន់ធ្ងរ» ដោយសារវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដោយលោកបានព្រមានថា «គ្មានប្រទេសណានឹងអាចរួចផុត» ពីផលប៉ះពាល់នេះឡើយ។

អំឡុងពេលនិយាយនៅឯក្លឹបសារព័ត៌មានជាតិ ក្នុងរដ្ឋធានីរបស់ប្រទេសអូស្ត្រាលី លោក Birol បានប្រៀបធៀបវិបត្តិថាមពលបច្ចុប្បន្ន ទៅនឹងវិបត្តិនៃទសវត្សរ៍ឆ្នាំ១៩៧០ និងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ លោកបានលើកឡើងថា៖ «វិបត្តិនេះ ដូចដែលស្ថានការណ៍កំពុងមាន ឥឡូវនេះ គឺជាវិបត្តិប្រេងពីរ និងវិបត្តិឧស្ម័នមួយ រួមគ្នា»។
លោកបានបញ្ជាក់ថា៖ «សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ នាពេលនេះ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បញ្ហានេះនឹងត្រូវបានដោះស្រាយឲ្យបានឆាប់តាមដែលអាច។ គ្មានប្រទេសណា នឹងអាចគេចផុតពីផលប៉ះពាល់នៃវិបត្តិនេះទេ ប្រសិនបើវាបន្តក្នុងទិសដៅនេះ។ ដូច្នេះ តម្រូវឲ្យមានកិច្ចប្រឹងប្រែងជាសកល»។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងទីក្រុងតេអេរ៉ង់ បានចេញការគំរាមកំហែងតបតគ្នាទៅវិញទៅមក ខណៈដែលសង្គ្រាមបានឈានចូលសប្តាហ៍ទី៤ ហើយ ដោយប្រធានាធិបតីអាមេរិកទាមទារឲ្យសាធារណរដ្ឋឥស្លាមបើកច្រកសមុទ្រហ័រមូសដែលត្រូវបានបិទឡើងវិញ ដែលការដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០ភាគរយរបស់ពិភពលោកឆ្លងកាត់ផ្លូវនេះ។
ការរំខាន បានបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈទាំងអស់តាមរយៈផ្លូវទឹកដ៏តូចចង្អៀត ហើយតម្លៃប្រេងបានហក់ឡើងយ៉ាងខ្លាំង៕


