នៅថ្ងៃចន្ទនេះ ពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ បានជំរុញឲ្យមានការសងសឹកនឹងសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី Donald Trump គំរាមបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ បើសិនជាទីក្រុងតេអេរ៉ង់មិនបើកច្រកសមុទ្រ Hormuz ទេនោះ ។
កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ បើសិនជាទីក្រុងតេអេរ៉ង់ មិនបើកឡើងវិញទាំងស្រុងច្រកសមុទ្រ Hormuz ទេនោះ ក្នុងរយៈពេល ៤៨ម៉ោង ដែលជាការកើនឡើងភាពតានតឹងយ៉ាងខ្លាំងមួយ រយៈពេលមិនដល់ ១ថ្ងៃផង ក្រោយរូបលោក និយាយពីការបញ្ចប់សង្រ្គាម ។
លោក Trumpនិយាយនៅលើបណ្តាញព័ត៌មានសង្គមថា បើសិនជាអ៊ីរ៉ង់ពុំបើកទាំងស្រុង ដោយគ្មានការគំរាមកំហែងច្រកសមុទ្រ Hormuz ទេនោះ ក្នុងរយៈពេល ៤៨ម៉ោង ចាប់ពីពេលនេះតទៅ សហរដ្ឋអាមេរិក នឹងវាយប្រហារ និងបំផ្លាញរោងចក្រថាមពលជាច្រើនរបស់ពួកគេ ចាប់ផ្តើមជាមួយការវាយប្រហារដំបូងធំបំផុត ។

បដា និងផ្ទាំងប៉ាណូ ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងទីក្រុងតេអេរ៉ង់ រួមទាំងផ្ទាំងប៉ាណូចូលរួមរំលែកទុក្ខដល់នាវាចម្បាំងដែលត្រូវបានបាញ់ពន្លិចនៅជិតតំបន់ឆ្នេរប្រទេសស្រីលង្កា ហើយនិងរូបថតរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ។
លោក Matin Hoshyar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយថា លោកជឿជាក់ថា អ៊ីរ៉ង់នឹងវាយប្រហារវិញ បើសិនជាពួកគេរងការវាយប្រហារ ។
លោកថា បើសិនជាថាមពលត្រូវបានកាត់ផ្តាច់អស់រយៈពេលជាច្រើនខែ កងឆ្មាំបដិវត្តន៍អ៊ិស្លាម មានមីស៊ីលសងសឹកយ៉ាងហោចជាង ១០ដង ៕
