តម្លៃប្រេងបានកើនឡើងនៅវគ្គដំបូងនៃការជួញដូរនៅថ្ងៃអង្គារ២៤មីនានេះ ដោយសារការព្រួយបារម្ភនៃការផ្គត់ផ្គង់ ខណៈអ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានចរចាជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រទេ ផ្ទុយពីការអះអាងរបស់ប្រធានាធិបតី Donald Trump ដែលថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ។

តម្លៃប្រេងឆៅBrent បានកើនឡើង១,០៦ ដុល្លារ ឬ ១,១% ឡើងដល់១០១ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០០០១ ម៉ោងសកល ខណៈប្រេងឆៅWest Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកដែរ បានកើនឡើង ១,៥៨ ដុល្លារ ឬ ១,៨ % ឡើងដល់ ៨៩,៧១ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅបានធ្លាក់ចុះជាង១០% កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីលោក Trump បាននិយាយថា លោកបានបញ្ជាឱ្យមានការពន្យារពេលប្រាំថ្ងៃចំពោះការវាយប្រហារដែលលោកបានគំរាមកំហែងលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដោយបន្ថែមថា សហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាប្រកបដោយផ្លែផ្កាជាមួយមន្ត្រីអ៊ីរ៉ង់ មិនបញ្ចេញឈ្មោះ ដែលបានបង្កើត ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បាននិយាយ ទន្ទឹមនឹងផ្អាកផែនការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់រយៈពេលប្រាំថ្ងៃ សហរដ្ឋអាមេរិកបានស្រូបយកអត្ថប្រយោជន៍សង្គ្រាមយ៉ាងច្រើនពីតម្លៃប្រេង។
ការងើបឡើងវិញកម្រិតមធ្យមនៅថ្ងៃនេះគឺគ្រាន់តែជាទីផ្សារដែលកំពុងរកឃើញទីតាំងរបស់ខ្លួននៅក្នុងល្បាប់ប៉ុណ្ណោះ។ ពាណិជ្ជករដឹងថា ទោះមីស៊ីលត្រូវបានផ្អាក ក៏ដោយ ក៏ច្រកសមុទ្រ Hormuz នៅតែជាផ្លូវទឹកពោពេញដោយគ្រោះថ្នាក់ដដែល ៕