នៅថ្ងៃអង្គារ (២៤ មីនា) នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae-myung បានអំពាវនាវឱ្យមានយុទ្ធនាការសន្សំសំចៃថាមពលទូទាំងប្រទេស ដោយសារហានិភ័យនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ ដោយលោកបានបញ្ជាក់ថា ស្ថាប័នសាធារណៈនឹងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។

រដ្ឋមន្ត្រីក្រសួងថាមពល លោក Kim Sung-whan បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការរឹតបន្តឹងលើការប្រើប្រាស់យានយន្តក្នុងវិស័យឯកជនគឺធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែអាចនឹងត្រូវពិនិត្យឡើងវិញ ប្រសិនបើកម្រិតអាសន្នថាមពលកើនឡើង។ លោកបន្តថា រដ្ឋាភិបាលនឹងស្នើឱ្យអាជីវកម្មប្រើប្រាស់ប្រេងធំជាងគេចំនួន ៥០ កាត់បន្ថយការប្រើប្រាស់ ហើយនឹងលើកទឹកចិត្តឱ្យផ្លាស់ប្តូរទៅម៉ោងធ្វើការ ក៏ដូចជាវិធានការផ្សេងៗទៀត។

លោក Kim និយាយថា ទីក្រុងសេអ៊ូលនឹងចាប់ផ្ដើមរេអាក់ទ័រនុយក្លេអ៊ែរចំនួន ៥គ្រឿង ឡើងវិញនៅត្រឹមខែឧសភា បន្ធូរបន្ថយការរឹតត្បិតលើរោងចក្រដើរដោយធ្យូងថ្ម និងពង្រីកថាមពលកកើតឡើងវិញ ដើម្បីបន្ថយការពឹងផ្អែករយៈពេលវែងលើឧស្ម័នធម្មជាតិរាវ (LNG)។ កូរ៉េខាងត្បូងក៏គ្រោងរៀបចំសេចក្តីព្រាងកញ្ចប់ថវិកាបន្ថែមប្រមាណ ១៦,៦ពាន់លានដុល្លារ ឱ្យបានឆាប់ផងដែរ ដែលអាចរួមមានបណ្ណសាច់ប្រាក់ឱ្យអ្នកប្រើប្រាស់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុននានា។

ការវាយប្រហារបន្តបន្ទាប់របស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងការសងសឹករបស់ទីក្រុងតេអេរ៉ង់ បានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពលពិភពលោក ដែលធ្វើឱ្យចរាចរណ៍របស់នាវាដឹកប្រេងតាមច្រកសមុទ្រហ័រមូស ស្ទើរតែជាប់គាំងទាំងស្រុង។ យោងតាមសមាជិកសភា និងក្រសួងឧស្សាហកម្ម កូរ៉េខាងត្បូងបាននាំចូលប្រេងឆៅប្រហែល ៧០% តាមរយៈច្រកសមុទ្រហ័រមូសនេះ៕