យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃចន្ទ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោក Pezeshkian និយាយថា អ៊ីរ៉ង់ពុំបានផ្តួចផ្តើមជម្លោះដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ ហើយបានពិពណ៌នាអំពីការការពារទឹកដីរបស់អ៊ីរ៉ង់ថាជា «សិទ្ធិជាក់ស្តែង» នេះបើយោងតាមរបាយការណ៍។ លោកបាននិយាយថា ទីក្រុងតេអេរ៉ង់ នៅតែប្តេជ្ញាចិត្តចំពោះស្ថិរភាពតំបន់ ប្រឆាំងការជ្រៀតជ្រែកពីបរទេស និងជំរុញឱ្យប្រទេសជិតខាងកុំអនុញ្ញាតឱ្យទឹកដី ឬមូលដ្ឋានរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងអ៊ីរ៉ង់ ដោយព្រមានថាសកម្មភាពបែបនេះអាចជំរុញឱ្យមានអស្ថិរភាពបន្ថែមទៀត។ លោក Pezeshkian បានសន្មតពីការរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz គឺជាមូលហេតុនៃជម្លោះ ដោយនិយាយថា អ៊ីរ៉ង់បានចាត់វិធានការដើម្បីធានាសន្តិសុខច្រកសមុទ្រ និងសម្រួលដល់ការឆ្លងកាត់សម្រាប់នាវាដែលគ្មានទំនាក់ទំនងជាមួយ «អ្នកឈ្លានពាន»។
លោក Sharif បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹង ដោយលោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសក្នុងចំណោមប្រទេសមានប្រជាជនមូស្លីមភាគច្រើន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្តារស្ថិរភាពឡើងវិញ។ លោក Sharif បាននិយាយថា ប្រទេសប៉ាគីស្ថាន គាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីរ៉ង់ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងអ៊ីស្លាម៉ាបាដចំពោះរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tasnim។
