អាជ្ញាធរតំបន់បាននិយាយថា ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្ស៥ នាក់នៅទូទាំងប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី ២៤ ខែមីនា)នេះ។
សំឡេងស៊ីរ៉ែនបានរោទិ៍ឡើងស្ទើរតែពេញមួយយប់ នៅទូទាំងប្រទេស ខណៈដែលការវាយប្រហារ បានសម្លាប់មនុស្ស ពីរនាក់ នៅក្នុងតំបន់ Poltava ដោយតំបន់ Zaporizhzhia, Kherson និង Kharkiv មានមនុស្សម្នាក់ៗស្លាប់។
នៅមុនថ្ងៃវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី បានព្រមាននៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក តាមទូរទស្សន៍ថា៖«មានព័ត៌មានពីចារកម្មរបស់យើងថា រុស្ស៊ីអាចនឹងកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំមួយ»។

អ្នកដំណើរអាយុ ៦១ឆ្នាំម្នាក់ នៅលើរថភ្លើងអគ្គិសនីនៅក្នុងតំបន់ Kharkiv «បានស្លាប់នៅនឹងកន្លែង» បន្ទាប់ពីរថភ្លើង ត្រូវបានវាយប្រហារដោយយានដ្រូន នៅម៉ោងប្រហែល ៥: ២០ព្រឹក (០៣: ០០ ម៉ោងសកល)។ នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញាតំបន់ Kharkiv។
លោក Yaroslav Shanko ប្រធានរដ្ឋបាលយោធាទីក្រុង Kherson បាននិយាយថា ការវាយប្រហារទាំងនោះ ក៏បាន «សម្លាប់ជនស៊ីវិលម្នាក់ ដែលរស់នៅក្នុង Kherson»៕
