នៅក្នុងប្រទេសលីបង់ វិស័យបដិសណ្ឋារកិច្ច ជាពិសេសភោជនីយដ្ឋាន គឺជាផ្នែកមួយដ៏ចាំបាច់នៃសេដ្ឋកិច្ច និងអត្តសញ្ញាណរបស់ប្រទេសមួយនេះ ដែលបច្ចុប្បន្នប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ។
លីបង់បានធ្លាក់ចូលក្នុងសង្រ្គាមក្នុងតំបន់កាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡា បាញ់មីស៊ីលចូលទៅក្នុងប្រទេសអ៊ីស្រាអែល ។ ចាប់តំាងពីពេលនោះមក អ៊ីស្រាអែលបានបញ្ជាឲ្យអ្នកស្រុកចាកចេញពីតំបន់ភាគខាងត្បូងទន្លេ Litani ស្របពេលដែលពួកគេទម្លាក់គ្រាប់បែកនៅទីនោះ ជាមួយនឹងការវាយប្រហារតាមច្រកអាកាសលើតំបន់ដែលពួកគេចាត់ទុកថា ជាទីកន្លែងកាន់កាប់របស់ក្រុមហេសបូឡា ។
ស្របពេលដែលចំនួនមនុស្សជម្លៀសខ្លួនកើនឡើងនៅក្នុងប្រទេសលីបង់ ភោជនីយដ្ឋាន បានចាប់ដៃគូជាមួយគម្រោង Sofra ដែលជាគំនិតផ្តួចផ្តើមមួយផ្តល់ប្រយោជន៍ដល់ហេដ្ឋារចនាមានស្រាប់របស់ភោជនីយដ្ឋាន និងបុគ្គលិក ដើម្បីផ្តល់អាហារក្តៅ ដល់គ្រួសារជនភៀសខ្លួន ។

អ្នកស្រី Stephanie Hage គឺជាប្រធានប្រតិបត្តិការភោជនីយដ្ឋាន Le Pelican ធ្វើការ ៧ថ្ងៃ ក្នុង ១សប្តាហ៍ ដើម្បីរៀបចំហារក្តៅជាមួយក្រុមការងាររបស់អ្នកស្រី ។
អ្នកស្រី Hage និយាយថា គាត់ហាក់មានអារម្មណ៍ថា គាត់ត្រូវការធ្វើអ្វីមួយ ដើម្បីជួយដល់មនុស្សទំាងអស់នេះ ដែលរស់នៅក្នុងជម្រក ហើយនិងជួយដល់ក្រុមការងាររបស់គាត់ផងដែរ ។ គាត់ត្រូវបន្តបើកប្រាក់បៀវត្សរ៍ដល់ពួកគេ ហើយនិងរក្សាលំហូរការងារមួយនេះ ។
មិនដូចគ្នានឹងផ្ទះបាយសហគមន៍ដទៃនោះទេ គម្រោងមួយនេះ ចាប់ដៃគូជាមួយភោជនីយដ្ឋាន ក្នុងនោះអង្គការក្រៅរដ្ឋាភិបាលជាអ្នកគ្រប់គ្រងទីជម្រក ។ ភោជនីយដ្ឋាននិមួយៗ ដើរតួជាទីជម្រកមួយកន្លែង ចែកអាហារជាសមូហភាពជាមួយអង្គការក្រៅរដ្ឋាភិបាល ៕
