ស្ថានីយប្រេងភាគច្រើននៅក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស បន្តបិទនៅថ្ងៃអង្គារនេះ ស្របពេលកង្វះខាតសាំង និងប្រេងម៉ាស៊ូត ក្រោយវិបត្តិសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ ។
ប្រទេសមានពលរដ្ឋរស់នៅ ១៧៥លាននាក់មួយនេះ ពឹងផ្អែកលើការនាំចូលប្រេងសម្រាប់តម្រូវការថាមពលរដ្ឋរបស់ខ្លួនប្រហែល ៩៥ភាគរយ ហើយទីភ្នាក់ងាររដ្ឋ បានងាកទៅរកទីផ្សារមានការប្រែប្រួលខ្លាំង ដើម្បីបំពេញចន្លោះប្រហោងរបស់ពួកគេ ។

លោក Aminul Islam គឺជាជំនួយការអ្នកគ្រប់គ្រងស្ថានីយប្រេងបង់ក្លាដែស និយាយថា បើទោះបីជាមានការបញ្ជាទិញជាមុនយ៉ាងណាក្តី ការចែកចាយពុំបានឈានដល់នោះទេ ។
លោកថា ធនាគារបានបិទទ្វារ ដូច្នេះហើយពួកយើងមិនអាចធ្វើការបញ្ជាទិញជាមុនបានទេ ហើយពួកយើងកំពុងប្រឈមនឹងកង្វះខាតប្រេង ។
លោកនិយាយទៀតថា នៅថ្ងៃនេះបើទោះបីជាធនាគារបើកទ្វារឡើងវិញក្តី ពួកយើងបានបញ្ជាទិញ ក៏ពួកយើងនៅមិនទាន់ទទួលបានប្រេងនោះដែរ ។
គ្រាអាសន្នបានកើនឡើង ស្របពេលជម្លោះរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យទីផ្សារថាមពលសកលមានការប្រែប្រួល និងធ្លាក់ក្នុងស្ថានភាពរង្គោះរង្គើ ជំរុញឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ហើយនិងបង្កើនក្តីបារម្ភពីផ្លូវផ្គត់ផ្គង់ ៕
