រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះ បានលើកឡើងថា លោកជឿជាក់ថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការចរចាជាមួយអ៊ីរ៉ង់ អាចជាចំណុចរបត់មួយនៅក្នុងជម្លោះដែលមានរយៈពេលជិត ១ខែនេះ។
រដ្ឋមន្ត្រីការបរទេសលោក Johann Wadephul បានប្រាប់ទូរទស្សន៍ MDR ថា៖ «មានអ្វីមួយកំពុងកើតឡើង ហើយនោះជារឿងល្អនៅពេលនេះ ពោលគឺនៅពេលដែលហានិភ័យនៃការមានភាពតានតឹងខ្លាំងឡើងៗ ជាជាងឱកាសធ្វើឲ្យជម្លោះនេះអាចគ្រប់គ្រងបាន»។

លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានមាននូវកិច្ចសន្ទនា «ដ៏ល្អ និងប្រកបដោយផលិតភាព» អំពី «ដំណោះស្រាយពេញលេញ និងជារួមនៃអរិភាព នៅតំបន់មជ្ឈិមបូព៌ា»។ តែអ៊ីរ៉ង់បានប្រាប់ថា គ្មានការចរចាណាមួយបានកើតឡើងនោះទេ។
យ៉ាងណាក្ដី លោក Wadephul បានបញ្ជាក់ថា លោកជឿថា លោក Trump ពិតជាបានធ្វើកិច្ចចរចាដ៏ម៉ឺងម៉ាត់ជាមួយអ៊ីរ៉ង់ ពីព្រោះ «បើមិនដូច្នោះទេ លោកនឹងមិននិយាយបែបនោះឡើយ» ហើយលោកនឹងមិនពន្យារពេលនោះឡើយ សម្រាប់ការវាយប្រហារដែលលោកបានគំរាមកំហែងថា នឹងធ្វើលើរោងចក្រថាមពលអ៊ីរ៉ង់។
លោក Wadephul បានសង្កត់ធ្ងន់ថា៖ «វាជាការចាប់ផ្តើមដ៏ផុយស្រួយ ប៉ុន្តែកុំគិត ទោះបីជាវាជាការចាប់ផ្តើមយ៉ាងណាក៏ដោយ។ យើងទាំងអស់គ្នាគួរតែប្រឹងប្រែងធានាថា វឌ្ឍនភាពនេះ គឺជាការល្អប្រសើរ ហើយវាមានផ្លូវ ដើម្បីគ្រប់គ្រងជម្លោះនេះ»៕
