របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បណ្ដាប្រទេសនៅអាស៊ី កំពុងងាកទៅរកធ្យូងថ្ម ខណៈសង្គ្រាមដ៏អូសបន្លាយនៅអ៊ីរ៉ង់ បានរំខានដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់ពិភពលោក។ ទ្វីបអាស៊ីរងផលប៉ះពាល់ជាពិសេស ដោយសារតែខ្លួនពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល ដែលភាគច្រើនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាច្រកយុទ្ធសាស្រ្តដ៏តូចចង្អៀតសម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិប្រហែល ១ភាគ៥ នៃតម្រូវការពិភពលោក។

ឧស្ម័នធម្មជាតិរាវ (LNG) គឺជាប្រភពថាមពលដ៏សំខាន់មួយ ដែលអាចផ្លាស់ប្តូរពីប្រេង និងធ្យូងថ្ម ទៅជាប្រភពថាមពលមិនសូវប៉ះពាល់បរិស្ថាន ហើយសហរដ្ឋអាមេរិកបានខិតខំពង្រីកការនាំចេញឧស្ម័នប្រភេទនេះនៅទូទាំងអាស៊ី។ ទោះជាយ៉ាងនេះក្ដី សង្គ្រាមបានធ្វើឱ្យប្រទេសនានាបង្ខំចិត្តងាកទៅប្រើប្រាស់ធ្យូងថ្មវិញដើម្បីបំពេញកង្វះខាតឧស្ម័នធម្មជាតិរាវ។
ឥណ្ឌា កំពុងដុតធ្យូងថ្មបន្ថែមទៀតដើម្បីបំពេញតម្រូវការរដូវក្តៅដែលកើនឡើង ខណៈកូរ៉េខាងត្បូងក៏បានដកការរឹតត្បិតលើអគ្គិសនីមកពីធ្យូងថ្ម ចំណែកឥណ្ឌូនេស៊ីកំពុងផ្តល់អាទិភាពដល់ការប្រើប្រាស់ការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។ ថៃ ហ្វីលីពីន និងវៀតណាម ក៏កំពុងជំរុញថាមពលដើរដោយធ្យូងថ្មផងដែរដើម្បីទប់ទល់កង្វះខាតប្រេង និងឧស្ម័ន។
កាលពីថ្ងៃអង្គារកន្លងទៅ ហ្វីលីពីន បានក្លាយជាប្រទេសដំបូងគេលើពិភពលោកក្នុងការប្រកាសគ្រាអាសន្នជាតិផ្នែកថាមពល ដោយសារតែវិបត្តិនៅមជ្ឈិមបូព៌ា ខណៈប្រទេសនេះនាំចូលប្រេងដល់ទៅ ៩៨% ពីតំបន់ឈូងសមុទ្រពែក្ស។ ទិន្នន័យកាលពីឆ្នាំមុនបង្ហាញថា អត្រា ជិត ៩០% នៃប្រេង និងឧស្ម័នទាំងអស់ដែលឆ្លងកាត់តាមច្រកសមុទ្រហ័រមូស ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់អាស៊ី៕

