ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ឲ្យដំណើរការផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ ដើម្បីធានាអត្ថប្រយោជន៍ដល់ក្រុមគោលដៅ និងធ្វើឲ្យសម្រេចបានផែនការមួយចំនួន ។
ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឲ្យដឹងថា ផែនទីបង្ហាញផ្លូវលើកទី២ បង្ហាញពីដំណើរការផ្ដោតលើលទ្ធផលរួមសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ហើយផែនទីនេះ ប្រទេសកម្ពុជាបានផ្លាស់ប្ដូរពីមហិច្ឆិតាជាយុទ្ធសាស្ត្រ ទៅកាន់ផលសម្រេចដែលអាចវាស់វែងបាន។
ឯកឧត្តមបន្តថា ផែនទីបង្ហាញផ្លូវលើកទី២ និងទ្រឹស្ដនៃការផ្លាស់ប្ដូរត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវអត្ថប្រយោជន៍ជាក់ស្ដែង សម្រាប់គ្រួសារជនបទ ស្ត្រី និងយុវជន សហគ្រាសធុនតូច និងមធ្យម និងសហគមន៍ជនជាតិដើមភាគតិច ទន្ទឹមនឹងការពង្រឹងភាពធន់នៅថ្នាក់ជាតិ និងភាពជឿជាក់ជាសកល ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា ការរៀបចំផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២នេះ គឺស្របតាមការអំពាវនាវ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងស្របតាមសភាពការណ៌វិវត្តក្នុងប្រទេស តំបន់ និងសកលលោក ខណៈកម្ពុជា កំពុងស្ថិតនៅដំណាក់កាលដ៏សំខាន់មួយក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងរបស់ខ្លួន ។
ឯកឧត្តមបានបន្តថា ការផ្លាស់ប្តូរនគរូបនីយកម្មយ៉ាងឆាប់រហ័ស រួមទាំងការផ្លាស់ប្តូរប្រជាសាស្រ្ត និងបញ្ហាការ ប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបរស់នៅ និងរបៀបរបបដែលស្បៀងអាហារត្រូវបានផលិត កែច្នៃ ចែកចាយ និងប្រើប្រាស់ ដែលបញ្ហាទាំងអស់នេះ តម្រូវឱ្យក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល រៀបចំផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ និងយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤ ២០២៨ ឆ្លើយតបទៅនឹងបញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ធគ្រប់រូប ទទួលបានសន្តិសុខស្បៀង អាហារូបត្ថម្ភ របបអាហារសុខភាព និងការពារបរិស្ថាន និងជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង ។
សម្រាប់អង្គការដៃគូ បានអះអាងថា ផែនទីបង្ហាញផ្លូវលើកទី២នេះ បង្ហាញពីចក្ខុវិស័យរបស់កម្ពុជា ក្នុងនាមជាប្រទេសមួយ ដែលផ្តល់ស្បៀងអាហារ ដល់ប្រជាជនរបស់ខ្លួនបានយ៉ាងល្អ ទាំងក្នុងឆ្នាំដែលមានភោគផលបរិបូរណ៍ និងឆ្នាំដែលមានទុក្ខលំបាក ដោយកម្ពុជា ជាប្រទេសមួយ ដែលមានប្រព័ន្ធស្បៀងក្នុងការបង្ហាញពីអធិបតេយ្យភាព តម្លៃ និងការយកចិត្តទុកដាក់ ចំពោះមនុស្សជំនាន់ក្រោយ៕ អត្ថបទ បាន សុខរិទ្ធិ