ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានធ្វើឲ្យសេដ្ឋកិច្ចសកលរង្គោះរង្គើនោះ បណ្តាប្រទេសក្រីក្របំផុតនៅលោកខាងត្បូង កំពុងរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។
នៅអាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ប្រទេសកំពុងអភិវឌ្ឍបានមើលឃើញការហក់ឡើងខ្ពស់តម្លៃថាមពល បង្កឡើងដោយសារការបិទច្រកសមុទ្រ Hormuz និងការវាយប្រហារលើទីតាំងប្រេង និងឧស្ម័ននៅទូទាំងតំបន់ឈូងសមុទ្រ ។

ចាប់ពីប៉ាគីស្ថាន ដល់បង់ក្លាដែស និងស្រីលង្កា រហូតដល់ហ៊្សកដានី អេហ្ស៊ីប និងអេត្យូពី ក្រុមអ្នកបង្កើតគោលនយោបាយ ប្រឈមនឹងការលំបាកទ្វេដង ពេលដែលពួកគេពឹងផ្អែកលើថាមពលនាំចូល និងហិរញ្ញវត្ថុមានដែនកំណត់ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃថាមពលបែបនេះ ។
នៅប្រទេសប៉ាគីស្ថាន ដែលនាំចូលថាមពលប្រហែល ៨០ភាគរយពីតំបន់ឈូងសមុទ្រ ហើយនិងជួបវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក្រុមអាជ្ញាធរ បានដាក់ចេញវិធានការ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ។
ជាការប្រឈមនឹងការធ្លាក់ចុះទុនបម្រុងប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ក្រុមមន្រ្តីបានបិទសាលារៀន ណែនាំឲ្យធ្វើការ ៤ថ្ងៃ ក្នុង ១សប្តាហ៍ សម្រាប់ការិយាល័យរដ្ឋាភិបាល បញ្ជាឲ្យកាត់បន្ថយបុគ្គលិកវិស័យសាធារណៈចំនួនពាក់កណ្តាលឲ្យធ្វើការពីផ្ទះ ហើយនិងកាត់បន្ថយប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈដល់ធុរកិច្ចរដ្ឋ ៕
