បណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ និយាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)ថា ពួកគេប្រឈមនឹងការគំរាមកំហែងអត្ថិភាពពីអ៊ីរ៉ង់ ស្របពេលដែលពួកគេថ្កោលទោសកាវាយប្រហាររបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ដែលប្រធានក្រុមសិទ្ធិមនុស្ស UNនិយាយថា អាចបង្កជាឧក្រិដ្ឋកម្មសង្រ្គាម ។
សង្រ្គាមរយៈពេលជិត ១ខែរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បង្កឲ្យមានការសងសឹកយ៉ាងចាស់ដៃពីអ៊ីរ៉ង់ ជាមួយនឹងការប្រើប្រាស់យានដ្រូន និងមីស៊ីលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិលនៅតាមបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដោយបានសម្លាប់ជនស៊ីវិល និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ។
លោក Naser Abdullah H. M. Alhayen គឺជាឯកអគ្គរដ្ឋទូតគូវ៉ែតនិយាយប្រាប់ក្រុមប្រឹក្សាមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះថា ពួកយើងមើលឃើញការគំរាមកំហែងអត្ថិភាពចំពោះសន្តិសុខអន្តរជាតិ និងក្នុងតំបន់ ។ វិធីសាស្រ្តឈ្លានពាននេះ កំពុងធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាព និងច្បាប់អន្តរជាតិ ។
បណ្តារដ្ឋផ្សេងទៀតនៅតំបន់ឈូងសមុទ្រ បានបរិហារសកម្មភាពរបស់អ៊ីរ៉ង់ផងដែរ ដោយពួកគេនិយាយថា វាជាការផ្សព្វផ្សាយភេរវកម្ម ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បាននិយាយការពារសកម្មភាពរបស់ខ្លួន ដោយពួកគេនិយាយថា ជនស៊ីវិលជាង ១.៥០០នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល មកទល់នឹងពេលនេះ ។
លោក Ali Bahreini គឺជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅ UN ក្នុងទីក្រុងហ្សឺណែវ និយាយថា ទំនួលខុសត្រូវចំពោះការវាយប្រហារទាំងនេះ មិនមែនត្រឹមតែជាអ្នកបើកការវាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលជួយគាំទ្រ និងជំរុញឲ្យមានការវាយប្រហារទំាងនេះផងដែរ ៕