នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) ប្រទេសជប៉ុន បានបញ្ជាក់ថា វាគឺជា «រឿងគួរឲ្យសោកស្ដាយ» ដែលសមាជិកយោធាម្នាក់របស់ខ្លួន បានចូលស្ថានទូតចិនដោយមិនមានការអនុញ្ញាត នៅទីក្រុងតូក្យូ ខណៈដែលទីក្រុងប៉េកាំងបានអំពាវនាវឲ្យដាក់ទោសអ្នកប្រព្រឹត្តខុស។
ការលួចចូលកាលពីព្រឹកថ្ងៃអង្គារនោះ បានធ្វើឲ្យកាន់តែអាប់អួ ក្នុងទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ដែលមានសភាពអាក្រក់ឡើងៗ ដោយសារតែការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជុំវិញបញ្ហាកោះតៃវ៉ាន់។
អ្នកនាំពាក្យនគរបាលបានប្រាប់សារព័ត៌មាន AFP ថា នគរបាលជប៉ុន បានចាប់ខ្លួនបុរសឈ្មោះ Kodai Murata អាយុ ២៣ឆ្នាំ ដោយសង្ស័យថា បានចូលដោយខុសច្បាប់ បន្ទាប់ពីរូបគេបានលួចចូលទៅក្នុងបរិវេណស្ថានទូតដែលមានការយាមកាមយ៉ាងតឹងរ៉ឹង នៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងស្រុក)។
ដោយដកស្រង់ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Yomiuri Shimbun បានរាយការណ៍ថា ជនសង្ស័យបានប្រាប់អ្នកស៊ើបអង្កេតថា រូបគេសង្ឃឹមថា នឹងជួបឯកអគ្គរដ្ឋទូត ដើម្បីប្រាប់គាត់កុំឲ្យនិយាយតឹងរ៉ឹងពេក ហើយប្រសិនបើសំណើនោះត្រូវបានបដិសេធ រូបគេចង់ធ្វើឲ្យមានការភ្ញាក់ផ្អើលដោយការសម្លាប់ខ្លួនឯង។ ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សាយថា ក្រោយមក កាំបិតមួយត្រូវបានរកឃើញនៅកន្លែងកើតហេតុ។
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានបញ្ជាក់ថា ជនសង្ស័យ គឺជាសមាជិកយោធា។ លោក Kihara បានប្រាប់អ្នកសារព័ត៌មានថា៖ «វាពិតជារឿងគួរឲ្យសោកស្ដាយណាស់ដែលសមាជិកកងកម្លាំងស្វ័យការពារម្នាក់ ដែលត្រូវបានគេរំពឹងគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានចូលទៅក្នុងបរិវេណស្ថានទូតដោយគ្មានការអនុញ្ញាត»។
លោកបានបន្ថែមថា «នគរបាលកំពុងធ្វើការស៊ើបអង្កេតរួចហើយ ជុំវិញករណីនេះ ដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើង និងបានអនុវត្តវិធានការចាំបាច់ ដើម្បីពង្រឹងសន្តិសុខ» របស់ស្ថានទូត។ ទីក្រុងប៉េកាំង ដែលបានដាក់ការតវ៉ាជាផ្លូវការប្រឆាំងនឹងឧប្បត្តិហេតុនេះ បានអំពាវនាវឲ្យដាក់ទោសជនល្មើសយ៉ាងធ្ងន់ធ្ងរ៕